ឃើញម្ដាយប្រឹងធ្វើការរហូតធ្លាក់ខ្លួនឈឺ លីម តិចម៉េង សន្យាក្ដែងៗចំពោះម្ដាយ ឮហើយរំជួលចិត្ត
រយៈពេលជាង ១ ឆ្នាំមកហើយ ដែលតារាចម្រៀង លីម តិចម៉េង ទទួលបានជោគជ័យក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំ Cambodian Idol រដូវកាលទី ៤ ដោយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ តិចម៉េង ប្រឹងប្រែងធ្វើការរកលុយទាំងយប់ទាំងថ្ងៃ ដើម្បីសម្រាលបន្ទុកជីវភាពក្នុងគ្រួសារ។
ងាកមកម្ដាយរបស់លោកវិញ ដ្បិតថាពេលនេះ តិចម៉េង បានខ្ពស់មុខខ្ពស់មាត់ អាចរកលុយបានច្រើនដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ តែអ្នកស្រីនៅតែប្រឹងធ្វើការ ព្រោះខ្លាចកូនប្រុសរកលុយហត់នឿយតែម្នាក់ឯង រហូតអ្នកស្រីត្រូវធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យ។
ឃើញសភាពម្ដាយប្រឹងធ្វើការរហូតឈឺបែបនេះ តារាចម្រៀង លីម តិចម៉េង បានបង្ហោះសារនៅលើហ្វេសប៊ុកផេក រៀបរាប់ទាំងក្ដុកក្ដួលថា ៖ «ខំទាំងយប់ទាំងថ្ងៃមិនដែលហ៊ានសម្រាក មិនដែលខ្លាចភាពនឿយហត់អ្វីឡើយ អ្នកម្តាយឈឺជិតមួយឆ្នាំហើយ ក៏មិនដែលនិយាយប្រាប់បងប្អូនដែរ ពេលនេះគាត់បានធូរ ជិតជាវិញហើយ គាត់តែងបារម្ភខ្ញុំ ពីការងារ ការចំណាយទៅលើក្រុមគ្រួសារ ការទិញរបស់ផ្សេងៗ ថ្ងៃនេះខ្ញុំសូមនិយាយដោយបើកជំហរថា ដរាបណាខ្ញុំនៅដើររួច នៅហាមាត់ច្រៀងបាន ខ្ញុំមិនឱ្យលោកអស់សង្ឃឹមឡើយ»៕