ទប់ចិត្តនឹងឈុតតំណាងជាតិមិនបាន ដាំ សុភ័ក្ត្រស៊ីនឌី បញ្ចេញអារម្មណ៍មួយទំហឹង
ថ្មីថ្មោងនេះ មហាជនតាមដានកម្មវិធីបវរកញ្ញាភពផែនដីមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឈុតតំណាងជាតិដែលគ្រងដោយ Miss Planet Cambodia 2023 កញ្ញា ដាំ សុភ័ក្ត្រស៊ីនឌី ។ ឈុតតំណាងជាតិនេះមានឈ្មោះថា «សិល្បៈអមតនៃព្រលឹងខេមររដ្ឋ» ដែលជាស្នាដៃសិល្បៈបង្ហាញពីសត្វមករ ជាសត្វក្នុងទេវកថាដ៏ល្បីល្បាញក្នុងលទ្ធិព្រហ្មញ្ញនិយម។
តាំងពីទន្ទឹងរង់ចាំរហូតបានគ្រងឈុតផ្ទាល់ ដាំ សុភ័ក្ត្រស៊ីនឌី បាននិយាយពីអារម្មណ៍រំភើបពេលទើបបានថតបង្ហាញភ្លាមៗមកកាន់ «ប្រជាប្រិយ» ថា ៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែនដែលបានគ្រងឈុតនេះ ព្រោះតាំងពីពេលគេធ្វើឈុតមក នេះជាថ្ងៃទីមួយហើយដែលខ្ញុំបានឃើញ។ ហើយកាន់តែពិសេសទៀតនោះ សម្រាប់ការថតបង្ហាញនេះគឺថតនៅប្រាសាទអង្គរវត្តផ្ទាល់តែម្តង ពិតជាអស្ចារ្យខ្លាំងណាស់ ព្រោះវាបានបង្ហាញពីវប្បធម៌ អរិយធម៌ និង ទេសចរណ៍ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់»។
តាមរយៈ «ប្រជាប្រិយ» បវរកញ្ញាតំណាងឱ្យកម្ពុជានៅក្នុងកម្មវិធី Miss Planet International លើកទី៣ បានផ្តំាផ្ញើដែរថា ៖ «នាងខ្ញុំសូមអរគុណដល់អ្នកគាំទ្រ និង អ្នកស្ពនស័រទាំងអស់ ជាពិសេសឈុតតំណាងជាតិនេះគឺជាការឧបត្ថម្ភធំបំផុតពីបងប្រុស Bee Mario ដំឡើងដោយ បងទឹកគ្រឿង (ក្រុមក្មេងវត្ត) និង អរគុណអូនៗកូនៗទាំងអស់ដែលជួយដុតដៃដុតជើងទាំងយប់ទាំងថ្ងៃដើម្បីរំលេចបាននូវឈុតដ៏មហាអស្ចារ្យមួយនេះ»៕