អ្នកម៉ាក់សម័យថ្មី! តារាស្រី ២ ដួង ពពោះច្រើនខែ តែនៅស្វាហាប់បង្ហាញមុខលើការងារសិល្បៈ
ជាការពិតណាស់ នៅក្នុងឆ្នាំ ២០២៣ នេះ មានសិល្បការិនីជាច្រើនហើយដែរ ដែលបានប្រកាសទទួលបានសមាជិកថ្មី ជាកូនប្រុសស្រីនៅក្នុងគ្រួសារ។ ក្នុងនោះ ក៏មានអ្នកខ្លះបានសម្រាល និង ឃើញមុខកូនរួចរាល់ហើយ។ ក្រឡេកទៅមើលសិល្បការិនីល្បីៗឈ្មោះ ២ រូប គឺតារាចម្រៀង ឱក សុគន្ធកញ្ញា និង ជាពិធីការិនី ស៊ឹម សូលីកា ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ដែរពីសំណាក់មហាជន ក៏ព្រោះសិល្បៈការិនីទាំង ២ កំពុងពពោះ តែសម្រស់នៅតែស្អាត ជាពិសេសនៅតែមានកម្លាំងកាយមាំមួន ធ្វើការយ៉ាងស្វាហាប់។
១. តារាចម្រៀង ឱក សុគន្ធកញ្ញា
តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានប្រកាសទទួលបានចំណងដៃកូនទី ២ ហើយដែរ បន្ទាប់ពីកូនប្រុសច្បងមានអាយុ ៤ ឆ្នាំ។ បើទោះជាមិនបានបញ្ជាក់អាយុកូនក្នុងផ្ទៃ និង ភេទកូននៅឡើយ តែមហាជនទស្សន៍ទាយថា កូនក្នុងផ្ទៃរបស់តារាចម្រៀងរូបនេះជាកូនស្រី ហើយមានអាយុប្រមាណ ៦ ខែហើយ។ ជាការពិត បើទោះពពោះកាន់តែចាស់ខែក្តី តែអ្នកនាង ឱក សុគន្ធកញ្ញា ក៏នៅតែបន្តការងារសិល្បៈនានាដូចដើម។
២. ពិធីការិនី ស៊ឹម សូលីកា
ពិធីការិនីល្បីឈ្មោះ ស៊ឹម សូលីកា បានប្រកាសទទួលបានចំណងដៃកូនស្រីដំបូងនឹងឯកឧត្តម អេ ឫទ្ធី ដោយនឹងសម្រាលនៅខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ។ បើទោះជាកាន់តែកៀកខែសម្រាល តែពិធីការិនីល្បីឈ្មោះរូបនេះ នៅតែបន្តធ្វើការដូចដើមនៅក្នុងកម្មវិធីតន្ត្រីនានារបស់ទូរទស្សន៍បាយ័ន៕