ថ្ងៃប្រកួតឈុតតំណាងជាតិ MU ភឹម ស្រីនោ ស្រាប់តែបង្ហោះពី ចន សុទីម៉ា ដែលកំពុងប្រកួតយ៉ាងភ្ញាក់ផ្អើល
មកដល់ពេលនេះ កម្មវិធី Miss Universe 2023 កាន់តែកៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រហើយ ដែលនៅព្រឹកថ្ងៃទី ១៦ និង ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ (វេលានៅកម្ពុជា) កម្មវិធីបានឈានដល់វគ្គប្រកួតបឋម និង វគ្គបង្ហាញតំណាងជាតិ ដោយតម្រូវឱ្យបេក្ខភាពតំណាងប្រទេសនីមួយៗ បញ្ចេញសមត្ថភាពរៀងៗខ្លួនជាមួយឈុតរាត្រីសមោសរ ឬ Evening Gown និង ឈុតប៊ីគីនី ព្រមទាំងដើរបង្ហាញឈុតតំណាងជាតិដ៏ល្អឯករបស់ខ្លួននៅលើឆាកកម្មវិធីប្រកួតដ៏អស្ចារ្យមួយនេះ។
ក្នុងវគ្គប្រកួតទាំងពីរនេះដែរ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា ពិតជាមិនខកបំណង និង មានមោទកភាពយ៉ាងខ្លាំងចំពោះបវរកញ្ញា ចន សុទីម៉ា ដោយកញ្ញាបានដើរបង្ហាញសមត្ថភាពយ៉ាងល្អជឿជាក់ និង មានភាពស្វាហាប់ ពោរពេញដោយទំនុកចិត្តនៅលើឆាកអន្តរជាតិ។
យ៉ាងណាមិញ ស្របពេលស្ថិតក្នុងដំណើរការប្រកួតពីមួយវគ្គទៅមួយវគ្គនេះដែរ បវរកញ្ញា ចន សុទីម៉ា ក៏កំពុងទទួលបានសារគាំទ្រលើកទឹកចិត្តយ៉ាងច្រើនពីមហាជនអ្នកគាំទ្រ បវរកញ្ញារៀមច្បង ជាពិសេសសិល្បករ-ការិនីជាច្រើនរូបនេះ បានផ្ដល់កម្លាំងចិត្ត និង បង្ហាញក្ដីមោទកភាពខ្លាំងចំពោះនាងដែលធ្វើបានយ៉ាងល្អពីមួយវគ្គទៅមួយវគ្គ ព្រមទាំងឱ្យនាងតស៊ូឱ្យអស់ពីសមត្ថភាពបន្តទៀតផងដែរ។
ក្នុងនោះដែរ គេក៏បានឃើញបវរកញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023 ដ្បិតតែស្ថិតក្នុងស្ថាប័នខុសគ្នាមែន ប៉ុន្តែនាងក៏មិនភ្លេចធ្វើការបង្ហោះផ្ដល់កម្លាំងដល់បវរកញ្ញា ចន សុទីម៉ា ឱ្យនាងស៊ូក្នុងការប្រកួតលើឆាកអន្តរជាតិនេះផងដែរ។ ក្នុងនោះ ភឹម ស្រីនោ បានបង្ហោះរូបភ្ជាប់ជាមួយសារលើ Story ហ្វេសប៊ុកថា ៖ «ស៊ូកម្ពុជា ពួកយើងនៅចាំផ្ដល់កម្លាំងចិត្តណ៎ា! @sotimajohnn_official »៕