ដើរកាត់កញ្ចក់គេបោះចោលនៅគំនរសំរាម ឌី សូនិត្តា នឹកស្រមោលអតីតកាលដល់ថ្នាក់ហូរទឹកភ្នែក
បើប្រិយមិត្តជាអ្នកតាមដានខ្សែជីវិតរបស់តារាសម្ដែង ឌី សូនិត្តា ប្រាកដជាដឹងហើយថា កន្លងមកនាងបានឆ្លងកាត់រឿងរ៉ាវឈឺចាប់ ការបែកបាក់ព្រាត់ប្រាស់ ការបរាជ័យរាប់មិនអស់ ហើយមកដល់បច្ចុប្បន្ន ក៏មានឈ្មោះជា Single Mom ត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនស្រីតែម្នាក់ឯងទៀត។
ដ្បិតថាពេលនេះ ឌី សូនិត្តា រស់នៅយ៉ាងមានក្ដីសុខជាមួយម្ដាយ និង កូនស្រីជាទីស្រឡាញ់ ប៉ុន្ដែស្រមោលអតីតកាលដែលធ្លាប់ឆ្លងកាត់នូវរឿងរ៉ាវឈឺចាប់មួយចំនួន នៅតែដក់ជាប់ក្នុងការចងចាំ មិនទាន់អាចបំភ្លេចបានទាំងស្រុងនៅឡើយ។
ជាក់ស្ដែងថ្មីៗនេះ ឌី សូនិត្តា បានដើរកាត់ឃើញកញ្ចក់ដែលគេយកទៅបោះចោលក្នុងគំនរសំរាម រហូតធ្វើឱ្យនាងហូរទឹកភ្នែក ព្រោះនឹកឃើញដល់ឆាកជីវិតរបស់ខ្លួនឯង។ អ្នកម៉ាក់កូនមួយរូបនេះ បានរៀបរាប់ទាំងក្រៀមក្រំថា ៖ «ដើរកាត់កញ្ចក់មួយផ្ទាំងដែលបែកជាចំណែក ហើយគេយកមកចោលនៅគំនរសំរាម ក្រឡេកឃើញរូបខ្លួនឯងក៏ភ្ញាក់ព្រើត ឃើញកញ្ចក់មួយផ្នែកនៅស្អាតល្អ ចៃដន្យដៃកំពុងកាន់ទូរស័ព្ទស្រាប់ក៏ទាញយកមកថត។ អ្វីដែលធ្វើឱ្យអារម្មណ៍ប្រែមួយរំពេច ទឹកភ្នែកក៏ស្រក់ចុះកាត់ម៉ាស់ដែលកំពុងពាក់ ស្រាប់តែនឹកឃើញរឿងគ្រប់យ៉ាងដែលខ្លួនធ្លាប់ឆ្លងកាត់ នៅពីក្រោយភាពស្រស់ស្អាត ក៏មានភាពឈឺចាប់ នៅពីក្រោយភាពឈឺចាប់ ក៏មានក្តីសង្ឃឹម នៅពីក្រោយក្តីសង្ឃឹមក៏មានភាពរឹងមាំ នៅពីក្រោយភាពរឹងមាំក៏ត្រូវការការតស៊ូ។
ជីវិតវាពិតជាដូចកញ្ចក់មួយផ្ទាំងនេះ បើអ្នកមិនចេះច្នៃខ្លួនឱ្យមានតម្លៃ អ្នកក៏ស្ថិតនៅទីតាំងនេះ កញ្ចក់មួយបំណែកវាអាចផ្លាស់ប្តូរជីវិតអ្នកបានបើអ្នកចេះច្នៃវាឱ្យមានប្រយោជន៍។ វាសានាមើលមិនឃើញទេ សូមកុំថ្កោលទោស ឬបន្ទាបតម្លៃខ្លួនឯងតាមមាត់អ្នកដទៃ»៕