ប៉ះបេក្ខភាពសុទ្ធតែខ្លាំងៗ ដាំ សុភ័ក្ត្រស៊ីនឌី បេ្តជ្ញានឹងធ្វើរឿងមួយនេះឱ្យបានសម្រាប់កម្ពុជា
មកដល់ពេលនេះ កម្មវិធី Miss Planet International លើកទី ៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានកំពុងតែដំណើរការជាបណ្តើរៗ។ ឃើញថាបេក្ខភាពចូលរួមប្រកួតសរុបប្រមាណ ៤២ ប្រទេស ក្នុងនោះបេក្ខភាពនីមួយៗសុទ្ធសឹងមានរូបសម្រស់ស្រស់ស្អាត និង សមត្ថភាពខ្លាំងៗ រីឯបេក្ខភាពតំណាងឱ្យកម្ពុជាយើង កញ្ញា ដាំ សុភ័ក្ត្រស៊ីនឌី ក៏មិនចាញ់គេប៉ុន្មានឡើយ។
ខណៈកំពុងស្ថិតក្នុងដំណើរការប្រកួត ដាំ សុភ័ក្ត្រស៊ីនឌី Miss Planet Cambodia 2023 បានឆ្លៀតប្រាប់មកកាន់ «ប្រជាប្រិយថា» ថា ៖ «បេក្ខភាពចូលរួមប្រកួតទាំងអស់គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ពួកគាត់ថែមទាំងមានសមត្ថភាពផងដែរ។ នាងខ្ញុំពិតជាមានកម្លាំងចិត្ត ការតាំងចិត្ត និង ការបេ្តជ្ញាចិត្តខ្លាំងបំផុតចំពោះកម្មវិធីបវរកញ្ញាភពផែនដីមួយនេះ។ ខ្ញុំនឹងធ្វើឱ្យបានល្អបំផុតនៅលើឆាកមួយនេះ»។
ក្នុងនាមជាម្ចាស់ផ្ទះ បវរកញ្ញា ដាំ សុភ័ក្ត្រស៊ីនឌី តំណាងឱ្យកម្ពុជាយើងបានលើកឡើងថា ៖ «ដោយសារកម្មវិធីធ្វើនៅប្រទេសយើងផ្ទាល់ ក្នុងនាមជាម្ចាស់ផ្ទះនាងខ្ញុំប្តេជ្ញាដែរថានឹងផ្សព្វផ្សាយ ក៏ដូចជាចែករំលែកនូវអ្វីដែលយើងមានដូចជា សិល្បៈ វប្បធម៌ និង កេរដំណែល រួមទាំងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាយើងឱ្យពិភពលោកបានស្គាល់ច្បាស់។ ថ្វីដ្បិតប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន ប៉ុន្តែយើងមានសុខសន្តិភាពគ្រប់គ្រាន់»៕