ផ្អើលអស់អ្នកគាំទ្រ ក្រោយ Snoop Dogg ចេញមកប្រកាសក្ដែងៗថា លោកឈប់ជក់កញ្ឆាទៀតហើយ
បើនិយាយដល់តារារ៉េបជើងចាស់ដ៏ល្បី Snoop Dogg មហាជនដែលបានស្គាល់លោក ច្បាស់ជាដឹងច្បាស់ហើយថា តារាប្រុសរូបនេះ គឺចូលចិត្តជក់កញ្ឆាខ្លាំងបំផុត ដោយតាមដឹង លោកជក់ចន្លោះពី ៧៥ ទៅ ១៥០ ដើមក្នុងមួយថ្ងៃទៀតផង។ ជាងនេះទៅទៀត ដោយតម្រូវការជក់ច្រើនពេក លោកថែមទាំងជួលអ្នកមូលបារីដែលធ្វើពីកញ្ឆានោះប្រចាំខ្លួនថែមទៀត។
យ៉ាងណាមិញ ស្រាប់តែមកដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារារ៉េប Snoop Dogg បានធ្វើឱ្យមហាជនអ្នកគាំទ្ររបស់លោកជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង និង សឹងតែមិនជឿនោះឡើយ ក្រោយរូបលោកបានធ្វើការប្រកាសលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា លោកឈប់ជក់កញ្ឆាទៀតហើយ។
បើតាមការបង្ហោះរបស់តារារ៉េបវ័យ ៥២ ឆ្នាំរូបនេះ បានសរសេររៀបរាប់ថា៖ «បន្ទាប់ពីពិចារណាដិតដល់ និង ក្រោយពិភាក្សាជាមួយក្រុមគ្រួសាររបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តថា នឹងបញ្ឈប់ការជក់តទៅទៀត។ សូមគោរពដល់ឯកជនភាពរបស់ខ្ញុំនាពេលនេះ»៕