មិនត្រឹមតែស្អាត ឈុតតំណាងជាតិ ចន សុទីម៉ា យកទៅប្រកួត MU 2023 មានអត្ថន័យឧន្ទិសដល់ទន្លេមេគង្គ
នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្មវិធី Miss Universe 2023 (ម៉ោងនៅកម្ពុជា) ដែលកម្មវិធីនេះបានឈានដល់វគ្គប្រកួតឈុតតំណាងជាតិហើយ សម្រាប់ឈុតរបស់បេក្ខជនដែលលើកយកមកបង្ហាញទាំងស្រស់ស្អាត និង មានអត្ថន័យសម្រាប់ប្រទេសនីមួយៗ រួមទាំងបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជាយើងផងដែរ។
ដោយឡែកសម្រាប់ ចន សុទីម៉ា បវរកញ្ញារបស់ប្រទេសយើងវិញបានជ្រើសរើសយកឈុតតំណាងជាតិយ៉ាងស្រស់ស្អាត និង មានអត្ថន័យ ដើម្បីទៅប្រកួតនៅលើឆាកអន្តរជាតិមួយនេះផងដែរ។
ឈុតតំណាងជាតិរបស់ ចន សុទីម៉ា ទាំងស្រស់ស្អាត និង មានអត្ថន័យ បើតាមគណនីផេកផ្លូវការណ៍របស់បរវកញ្ញារូបនេះបានរៀបរាប់ថា៖ «ឈុតតំណាងជាតិ ”ព្រះមេគង្គា” ឧទ្ទិសដល់ទន្លេមេគង្គដែលហូរមកពីទីបេកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ដោយដកស្រង់គំនិតពីទេវកថា ចម្លាក់បុរាណ និងបរិស្ថាន ឈុតនេះរំលេចនូវគ្រឿងអលង្ការនានាដែលច្នៃចេញពីរចនាបទសិល្បៈសម័យអង្គរ។ ឈុត ”ព្រះមេគង្គា” បង្ហាញ និងលើកតម្កើងធនធានដ៏សម្បូរបែបនៃទឹកដីវប្បធម៌កម្ពុជា ដោយធ្វើការប្រើប្រាស់ត្បូងធម្មជាតិ និង សំពត់ចរបាប់សូត្រត្បាញដោយដៃខ្មែរ ដ៏ស្រស់ថ្លា និង វិសេសនេះជានិម្មិតរូបនៃលំហូរនៃសុខសិរីសួស្តីជ័យ តំណាងលំហូរនៃសន្តិភាព មិត្តភាព និងការរីកចម្រើននៃយុគសម័យថ្មី»៕