ស្អាតហើយអត្ថន័យអស្ចារ្យ! នេះហើយជាឈុតតំណាងជាតិ បំពាក់លើកញ្ញា សេន ស្រីឡៃ ក្នុងការប្រកួត Miss Tourism International 2023
នៅពេលនេះកម្មវិធីប្រកួតសម្រស់ដ៏ធំមួយទៀតគឺ Miss Tourism International 2023 កំពុងត្រៀមបើកឆាកប្រកួតហើយនៅឯប្រទេសម៉ាឡេសុី។ ទន្ទឹមនឹងនេះ គេឃើញមានបេក្ខភាពប្រកួតជាច្រើនមកពីជុំវិញពិភពលោក ក៏កំពុងតែធ្វើដំណើរ និង បេក្ខភាពខ្លះទៀតក៏បានទៅដល់ប្រទេសម៉ាឡេសុីហើយ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ កញ្ញា សេន ស្រីឡៃ ដែលជា Miss Tourism Cambodia 2023 ក៏បានចេញដំណើរដើម្បីទៅប្រកួតនៅប្រទេសម៉ាឡេសុីផងដែរ ក្រោយពីការត្រៀមខ្លួនមួយរយៈធំនោះ។
ស្របពេលកម្មវិធីកំពុងបើកឆាកប្រកួត ថ្មីៗនេះបវរកញ្ញា សេន ស្រីឡៃ ក៏បាបង្ហោះរូបភាពបង្ហាញឈុតតំណាងជាតិ ដែលកញ្ញានឹងត្រូវយកទៅចូលរួមប្រកួតនៅលើឆាក Miss Tourism International 2023 នេះជាផ្លូវការផងដែរ។ ចំពោះឈុតតំណាងជាតិនេះមានឈ្មោះថា «នាង ទេពអប្សរ» ហើយឈុតនេះត្រូវបានរចនាឡើងជាទម្រង់សិល្បៈសហសម័យ ដែលមានការរួមបញ្ជូលនៃគ្រឿងអលង្កា តាមលំនាំនៃចម្លាក់សម័យកណ្តាល និង អង្គរ ជាមួយនឹងសម្លៀកបំពាក់បែបទំនើបរួមបញ្ជូលគ្នាបង្កើតជារូបភាពថ្មីមួយ ដើម្បីបង្ហាញពីភាពសម្បូរបែបនៃគំនិតច្នៃប្រឌិត និង រូបារម្មណ៍មនុស្សជំនាន់ថ្មី បុរាណ និង សម័យដើរទៅមុខរួមគ្នាមិនអាចខ្វះបាន ព្រោះរបស់ថ្មីមួយត្រូវបានបង្កើតថ្មីបានក៏ត្រូវមានរបស់ចាស់ជាគ្រិះ បុរាណអភិរក្សថែរក្សា សម័យនៅតែអភិវឌ្ឍន៍ទៅមុខជានិច្ច៕