បេក្ខភាព The Rapper ៣ រូប រៀបរាប់ពីជីវិតខ្វះភាពកក់ក្ដៅ កំពុងអង្រួនបេះដូងមហាជនយំតាមស្ទើរមួយប្រទេស
កាលពីរាត្រីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធី The Rapper Cambodia បានឈានដល់វគ្គ Battle Round ដែលជាសប្ដាហ៍បង្ហាញសមត្ថភាពកូនក្រុមរបស់ Coach Khmer1Jivit។ វគ្គ Battle Round គឺជាវគ្គដែលកូនក្រុមរបស់ Coach នីមួយៗត្រូវបានបំបែកទៅជា ៤ ក្រុមហើយ តម្រូវឱ្យពួកគេប្រកួតប្រជែងគ្នាដើម្បីរកអ្នកជើងខ្លាំងដែលអាចឈានបន្តទៅវគ្គបន្ទាប់បាន។
ជាមួយគ្នានោះ កូនក្រុមរបស់ Coach Khmer1Jivit ទាំង ១០ រូបក្នុងវគ្គ Battle Round ដែលបានបង្ហាញសមត្ថភាពក្នុងសប្ដាហ៍នេះ សុទ្ធសឹងតែធ្វើបានយ៉ាងល្អ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រក្នុងស្ទូឌីយោស្រែកហ៊ោកញ្ជៀវបង្ហាញការគាំទ្រពេញចិត្តនឹងបេក្ខភាពទាំងនេះខ្លាំង ព្រមទាំងមហាជនលើបណ្ដាញសង្គមវិញផ្ទុះចែករំលែក និង សរសើរខ្លាំងពីការបកស្រាយបទចម្រៀងរ៉េបដែលនិពន្ធដោយផ្ទាល់របស់ពួកគេផងដែរ។
យ៉ាងណាមិញ ក្នុងចំណោមបេក្ខជនទាំង ១០ រូបនោះ គេសង្កេតឃើញកូនក្រុមរបស់ Coach Khmer1Jivit ពោលគឺ Sin Vichhika, Young Savage និង G-One បានសម្ដែងរួមគ្នាក្នុងបទចម្រៀងនិពន្ធថ្មីមានចំណងជើងថា «រងា» ដែលរៀបរាប់ពីជិវិតរងាឯការ ខ្វះភាពកក់ក្ដៅពីម្ដាយឪពុក ក្រុមគ្រួសារយ៉ាងចាក់ដោតចូលក្នុងអារម្មណ៍ទស្សនិកជនជាខ្លាំង។
អ្វីដែលកាន់តែធ្វើឱ្យរំជើបចិត្តរំជួលជាងគេទៅទៀតនោះ បទចម្រៀងរ៉េបមួយបទនេះពិតជាបានឆក់យកអារម្មណ៍ពី Producer វណ្ណដា និង Producer Juvie Lin រួមជាមួយនឹងគ្រូបង្វឹកទាំង ៤ នៃកម្មវិធី The Rapper Cambodia ទប់ទឹកភ្នែកមិនជាប់ ហើយថែមទាំងបានធ្វើឱ្យ Producer ទាំង ២ រូបទម្លាយខ្សែជីវិតធ្លាប់តស៊ូកន្លងមកមកកាន់ទស្សនិកជនថែមទៀតផង។ ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូ