ថ្ងៃតែមួយ អាយដលទាំងពីរធ្វើរឿងដូចគ្នាស្លៀកខោគុនខ្មែរ អ្នកគាំទ្រមហារំភើបចិត្ត
នៅក្នុងការផលិតចម្រៀង និង រាល់ការបង្ហាញខ្លួនម្តងៗ G-Devith និង ទេព បូព្រឹក្ស តែងតែនាំយកនូវអ្វីដែលថ្មីហើយប្លែកមកជូនអ្នកគាំទ្រជានិច្ច។ តារារ៉េបជាគូស្នេហ៍ទាំងពីររូបនេះ ក្រៅតែពីធ្វើបទចម្រៀងរ៉េបទាន់សម័យត្រូវចិត្តយុវវ័យ ពួកគេតែងមិនភ្លេចឡើយនូវការលើកយកសិល្បៈ វប្បធម៌ និង កេរដំណែលរបស់ខ្មែរមកបង្ហាញ។
ជាការពិតណាស់ ថ្មីៗនេះ ក្នុងថ្ងៃតែមួយ G-Devith និង ទេព បូព្រឹក្ស បានធ្វើរឿងមួយព្រមគ្នា ដែលបានធ្វើឱ្យអ្នកគាំទ្រមានការរំភើបចិត្ត និង ពេញចិត្តជាខ្លាំង។ អ្នកទាំងពីរបានស្លៀកខោប្រដាល់នៅក្នុងកម្មវិធីផ្សេងគ្នា តែក្នុងថ្ងៃតែមួយ ដោយខោនេះបានប៉ាក់អក្សរគុនខ្មែរយ៉ាងច្បាស់ អមដោយរូបប្រាសាទអង្គរវត្ត និង មានឈ្មោះរបស់អាយដលនៅលើជើងខោផងដែរ។
មែនទែនទៅ ក្នុងថ្ងៃតែមួយ ទេព បូព្រឹក្ស ស្លៀកខោគុនខ្មែរនេះសម្រាប់ចូលរួមកម្មវិធីរត់ឡើងអគារ ខណៈដែល G-Devith ស្លៀកខោនេះឡើងសមឆាកសម្រាប់ការប្រគំតន្ត្រីផ្ទាល់ខ្លួនដ៏ធំមួយធ្វើឡើងនៅ OCIC ជ្រោយចង្វារ។
រំភើបចិត្តពីអ្នកគាំទ្រមធ្យម ងំអ្នកច្នៃម៉ូដខោឱ្យអាយដលទាំងពីរក៏បានបង្ហោះសាររៀបរាប់ដែរថា ៖ «Wow Wow Surprise ខ្លាំងមែនទែន ថ្ងៃនេះតារាចម្រៀង ទេព បូព្រឹក្ស ស្លៀកខោគុនខ្មែរ ចូលរួមកម្មវិធីប្រកួតរត់ឡើងអគារ ហើយក៏គាប់ជួនចៃដន្យជាងនេះ តារារ៉េបដ៏ល្បី លោក G-DEVITH ក៏បានស្លៀកខោគុនខ្មែរក្នុងថ្ងៃនេះដូចគ្នា។ ខ្ញុំបាទ សេន ប៊ុនថេន មានតែពាក្យថាអរគុណ អរគុណ Idol ទាំងពីរដែលបានពេញចិត្ត និង គាំទ្រស្នាដៃខោប្រដាល់គុនខ្មែរពីខ្ញុំបាទយកមកប្រើប្រាស់។ ខ្ញុំកាត់ខោឱ្យអតិថិជនរាប់ពាន់ខោមកហើយ តែលើកនេះខ្ញុំពិតជារំភើបខ្លាំងដែលទទួលបាន feedback មួយនេះ»៕