ប្រវត្តិចេញពីណា កំលោះសង្ហាញញឹមស្រស់ ឡៅ បញ្ញា មិនភ្លេចទេ តែបើឱ្យបកក្រោយដឹងតែមិនអាច
ឡៅ បញ្ញា ត្រូវបានគេស្គាល់ថាជាតារាសម្តែងមានទេពកោសល្យខាងក្បាច់គុនពហុជំនាញ ដែលកន្លងមកលោកត្រូវបានផលិតករភាគច្រើនចាត់ឱ្យសម្តែងជាតួអង្គបែបអ្នកក្លាហាន ឬ អ្នកប្រយុទ្ធ ជាដើម។ ជាមួយទេពកោសល្យសម្តែងខាងក្បាច់គុននេះ តារាសង្ហារាងហំជាម្ចាស់ជ័យលាភី Mister Supranational Cambodia 2022 រូបនេះ បានចូលរៀនហាត់គុនតាំងតែពីតូចមកម្ល៉េះ តួយ៉ាងលោកបានចូលហាត់តៃក្វាន់ដូ ហាត់ប្រដាល់ និង ហាត់គុនល្បុក្កតោនៅសាលាក្នុងខេត្តសៀមរាបទឹកដីកំណើត។
តាមរយៈការរៀនហាត់ក្បាច់គុន ឡៅ បញ្ញា ធ្លាប់បានចូលធ្វើការជាអ្នកសម្តែងគុននៅមហោស្រពអាណាចក្រអង្គរអស់រយៈពេល ៣ ឆ្នាំ បន្ទាប់មកទើបឡើងមកទីក្រុងភ្នំពេញប្រឡូកកម្មវិធីប្រកួតសម្រស់ និង ចាប់អាជីពសម្តែងនៅក្នុងពិភពសិល្បៈរហូតទទួលបានប្រជាប្រិយភាពមកដល់បច្ចុប្បន្ន។
វិវឌ្ឍនខ្លួនមកជាតារាសម្តែងភាពយន្តមានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃ ឡៅ បញ្ញា នៅតែមិនភ្លេចដើមកំណើតរបស់ខ្លួនឡើយ។ លោកថាលោកនៅតែស្រឡាញ់ការសម្តែងនៅមហោស្រព គ្រាន់តែថាឥឡូវពេលចូលសិល្បៈលោកមិនមានពេលទៅធ្វើការងារដូចពីមុនទៀតនោះទេ ម្យ៉ាងអាជីពសម្តែងភាពយន្តអាចរកប្រាក់ចំណូលបានច្រើនជាង។
ជាមួយចំណេះជំនាញខាងក្បាច់គុនដែលធ្លាប់រៀនកន្លងមក ឡៅ បញ្ញា មិនបានបោះបង់ចោលនោះទេ លោកបានយកជំនាញទាំងប៉ុន្មានមកប្រើប្រាស់នៅក្នុងវិស័យភាពយន្ត។ លោកថាឱ្យតែផលិតករធ្វើរឿងទាក់ទងនឹងក្បាច់គុន មិនថារឿងបុរាណ ឬ សម័យ លោករីករាយចូលរួមបំផុត ព្រោះនេះជាអ្វីដែលលោកស្រឡាញ់អស់ពីបេះដូង៕