ផ្លូវការហើយ! កម្មវិធីប្រកួត Miss Universe នឹងមិនមានការផ្សាយផ្ទាល់នៅលើ YouTube ឡើយ
ប្រិយមិត្តច្បាស់ជាស្គាល់នូវកម្មវិធី Miss Universe ដែលជាកម្មវិធីប្រឡងបវរកញ្ញាមួយដ៏ធំ ហើយមានបេក្ខភាពចូលរួមប្រកួតរហូតដល់ជាង ៨០ ប្រទេសជុំវិញពិភពលោក។
តួយ៉ាងស្រាប់តែនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងគណនីអ៊ីនស្តាក្រាមផ្លូវការរបស់កម្មវិធីបវរកញ្ញាចក្រវាលមួយនេះ បានបង្ហោះថា ដំណើរការប្រកួតទាំងមូល នឹងមិនមានការផ្សាយផ្ទាល់លើកម្មវិធី Youtube នោះឡើយ។
តាមការបង្ហោះបានរៀបរាប់ថា៖ «ឈានចូលទៅក្នុងពិភពផ្តាច់មុខនៃកម្មវិធី Miss Universe 2023 លើកទី ៧២ ជាមួយនឹងការ Live តាម រយៈ Bash ដែលជាកន្លែងតែមួយគត់ ក្នុងការចូលទស្សនាការប្រកួតប្រជែងក្នុងវគ្គបឋម និង វគ្គឈុកតំណាងជាតិ»។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ កម្មវិធីបវរកញ្ញាចក្រវាល លើកទី ៧២ នេះបានបន្តទៀតថា៖ «សូមនិយាយលាទៅកាន់ YouTube ផងដែរ ហើយចំពោះអ្នកដែលចង់ផ្សាយបន្តផ្ទាល់ដោយមិនមានការសុំច្បាប់អនុញ្ញាតពីខាងស្ថាប័ននោះ ខាងស្ថាប័ននឹងធ្វើការបិទគណនីរបស់លោកអ្នក ដោយមិនឱ្យមានការផ្សាយបន្តនោះទេ»។
យ៉ាងណាមិញក្រោយពីចេញសេចក្ដីប្រកាសមួយនេះនៅលើគណនីអ៊ីនស្តាក្រាមរបស់កម្មវិធី ភ្លាមៗនោះអ្នកគាំទ្រកម្មវិធី Miss Universe 2023 បានប្រតិកម្មយ៉ាងខ្លាំងចំពោះការមិនមានការផ្សាយផ្ទាល់នៅលើ YouTube បែបនេះ ដោយមានមតិជាច្រើនបានលើកឡើងថា៖ «មិនមានគ្រប់គ្នាសុទ្ធតែអាចមានសមត្ថភាពទិញសំបុត្រចូលមើលនោះទេ និង អ្នកផ្សេងទៀតក៏មានការប្រៀបធៀបជាមួយកម្មវិធីផ្សេងផងដែរ» ដោយមតិភាគច្រើនសុទ្ធតែមិនបានយល់ស្របជាមួយការចូលមើលកម្មវិធីបវរកញ្ញាមួយនេះ ដោយការទិញសំបុត្រនោះទេ៕