គ្រាន់មើលរឿង «ប្រុសលក់ខ្លួន» ចប់ភ្លាម ម្ដាយធម៌ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហោះសារលាន់មាត់បែបនេះភ្លែត
ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយនូវលោកស្រី Pitchy ដែលជាអ្នកជំនួញដ៏ល្បីមួយរូបនៅឯប្រទេសថៃ និងជាម្ដាយធម៌របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand International លំដាប់រងទី ៥ នោះ។
កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ម្ដាយធម៌របស់វត្តី បានធ្វើដំណើរពីប្រទេសថៃមកកាន់កម្ពុជា ដើម្បីចូលរួមកម្មវិធីសម្ពោធរឿងថ្មីរបស់កូនធម៌ដោយក្នុងដំណើរលើកនេះ គឺមកជាមួយក្រុមគ្រួសារ និង ក្រុមការងារផងដែរ។ ដូចដែលប្រិយមិត្តមួយចំនួនបានដឹងហើយថា លោកស្រី Pichy គឺមិនដែលភ្លេចកូនធម៌ម្នាក់នេះឡើយ ឱ្យតែជាការងាររបស់វត្តី មិនថានៅកន្លែងណា ឬការងារអ្វីនោះទេ គឺតែងតែឃើញវត្តមានរបស់លោកស្រី ចូលរួមអបអរជានិច្ច។
ដោយឡែកលើកនេះ ក៏មិនខុសពីរាល់ដងដែរ លោកស្រី បានធ្វើដំណើរពីថៃមកកម្ពុជា ដើម្បីមកចូលរួមកម្មវិធីសម្ពោធរឿងថ្មីរបស់ វត្តី ហើយក្រោយពីបានទស្សនារឿងរបស់កូនស្រីរួចហើយ លោកស្រី Pitchy បានបញ្ចេញអារម្មណ៍របស់ខ្លួនតាមរយៈសារមួយ ដែលបានបង្ហោះនៅលើគណនីសហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «សូមចូលរួមអបអរសាទរយ៉ាងខ្លាំងទៅកាន់ Pich Votey Saravody របស់ខ្ញុំ និង Paing Takhon សម្រាប់រឿងប្រុសលក់ខ្លួន ពិតជាគួរឱ្យអស់សំណើចខ្លាំងណាស់ ភាពយន្តមួយនេះសប្បាយណាស់ ខ្ញុំចង់អោយអ្នកទាំងអស់គ្នាទៅមើលឱ្យបានច្រើន ខ្ញុំសើចច្រើន វាពិតជាសប្បាយណាស់»៕