អ៊ីចឹងតើបានមិនឆ្គងសោះ! សម្តែងវាយតប់មិនមែនលំៗយកតែលុយ ឡៅ បញ្ញា ចូលហាត់គុនតាំងពីតូចក្រូចឆ្មារមកម្ល៉េះ
មួយរយៈចុងក្រោយ ឡៅ បញ្ញា ដែលគេស្គាល់ថាជាម្ចាស់ជ័យលាភី Mister Supranational Cambodia 2022 ហាក់មានទីផ្សារលើការសម្តែងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង លោកបានក្តោបក្តាប់តំណែងជាតួអង្គសំខាន់ៗនៅក្នុងរឿង មិនថារឿងបុរាណ រឿងសម័យ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ លោកត្រូវបានផលិតករតម្រូវឱ្យសម្តែងជាតួអង្គអ្នកក្លាហាន អ្នកប្រយុទ្ធ បង្ហាញក្បាច់គុន វាយតប់ ដែលការសម្តែងនីមួយៗមើលទៅលោកពិតជាធ្វើបានល្អ និងស្តែងៗតែម្តង។
ជាការពិតណាស់ បើនិយាយពីការសម្តែងជាតួអង្គប្រយុទ្ធវាយតប់ វាជាជំនាញ និងទេពកោសល្យស្រាប់ទៅហើយរបស់តារាមាឌមាំ រាងខ្ពស់ស្រឡះមុខមាត់បែបខ្មែរអង្គរ ឡៅ បញ្ញា។ តារាប្រុសមានស្រុកកំណើតមកពីទឹកដីសៀមរាបរូបនេះ មានក្តីស្រមៃចង់ក្លាយជាតួកុនពូកែខាងក្បាច់គុនតាំងតែពីតូច។ កាលពីកុមារភាព លោកចូលចិត្តមើលរឿងចិនហុងកុងវាយតប់គ្នា ពេលខ្លះទំនេរលោកក៏ចូលចិត្តត្រាប់ការសម្តែងតាមតួអង្គវាយតប់ដូចក្នុងរឿងតែឯងក៏មាន។ ក្នុងវ័យកុមារលោកបានចូលហាត់គុននៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ក្រោយមកនៅអាយុ ១១ ឆ្នាំ លោកបានចូលហាត់តៃក្វាន់ដូ នៅអាយុ ១៣ ឆ្នាំ លោកបានចូលហាត់ប្រដាល់ នៅអាយុ ១៥ ឆ្នាំ លោកបានចូលហាត់គុនល្បុក្កតោនៅភូមិវប្បធម៌។
ឡៅ បញ្ញា មានទំនោរទៅខាងគុនជាខ្លាំង ឱ្យតែអ្វីៗទាក់ទងនឹងក្បាច់គុនលោកស្រលាញ់ចូលចិត្តទាំងអស់។ អំឡុងពេលហាត់គុន ឡៅ បញ្ញា ដែលជាកូនពៅក្នុងចំណោមបងប្អូន៨ នាក់ តែងមានក្តីស្រមៃចង់ធ្វើជាតួសម្តែងដែលលេចធ្លោផ្នែកគុនពហុជំនាញ ព្រមទាំងមានបំណងចង់ឱ្យគេស្គាល់គុនល្បុក្កតោខ្មែរតាមរយៈការសម្តែងផងដែរ។
ក្រោយរៀនគុនបានប្រហែលមួយឆ្នាំ ឡៅ បញ្ញា បានចូលធ្វើការជាអ្នកសម្តែងគុននៅមហោស្រពអាណាចក្រអង្គរអស់រយៈពេល ៣ ឆ្នាំ បន្ទាប់មកទើបឡើងមកទីក្រុងភ្នំពេញប្រឡូកកម្មវិធីប្រកួតសម្រស់ និងចាប់អាជីពសម្តែងនៅក្នុងពិភពសិល្បៈរហូតទទួលបានប្រជាប្រិយភាពមកដល់បច្ចុប្បន្ន។
ជាក្តីស្រមៃ និងជាអត្តចរិតរបស់ ឡៅ បញ្ញា ផ្ទាល់ លោកចូលចិត្តសម្តែងជាតួអង្គអ្នកក្លាហាន វីរបុរស ជាមនុស្សហ្មត់ចត់ ម៉ឺងម៉ាត់ មានអំណាច និងចេះជួយគេ៕