គ្រាន់តែដឹងលោកតា គង់ ណៃ ឈឺមក ជំទាវ ចន ច័ន្ទលក្ខិណា ស្ងាត់ទៅដល់ខេត្តកំពតសួរសុខទុក្ខភ្លាម
កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានដឹងពីសុខទុក្ខរបស់ចាស់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ដែលកំពុងធ្លាក់ខ្លួនឈឺរួចមកហើយ។ ក្នុងនោះ មហាជន ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើន ក៏បានបង្ហាញក្តីបារម្ភ និង បន់ស្រន់ឱ្យលោកតាបានជាសះស្បើយទៀតផង។
ដោយឡែក ងាកទៅកាន់ជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរក្រោយទទួលបានដំណឹងខាងលើ ក៏មិនបង្អង់យូរបានស្កាត់ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពត ដើម្បីសួរសុខទុក្ខដល់លោកតា គង់ ណៃ។
ក្រោយពីបានទៅសួរសុខទុក្ខលោកតា គង់ ណៃ ដោយផ្ទាល់ហើយនោះ ជំទាវ ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារថា ៖ «នាងខ្ញុំបានមកសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលកំពុងមានជំងឺសួត និង ជំងឺទឹកនោមផ្អែម និង បាននាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមកជូនលោកអ៊ំដល់គេហដ្ឋាន ដែលស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្មួយសូមជូនពរលោកអ៊ំឆាប់ជា និង មានសុខភាពល្អ កម្លាំងពលាំមាំមួន»៕