អ្នកគាំទ្រវែកញែកព្រាត ពេលឃើញ G-Dragon ទៅប៉ុស្តិ៍ប៉ូលិសហើយញញឹមពព្រាយដាក់អ្នកកាសែត ធ្វើខ្លួនដូចគ្មានរឿង
ជាងមួយសប្ដាហ៍មកហើយ ព័ត៌មានចចាមអារ៉ាមដែលសង្ស័យថា ស្តេចរ៉េប G-Dragon មេក្រុម BIGBANG បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតែក្លាយជាប្រធានបទដ៏ក្តៅគគុកបំផុត ដែលប៉ះអារម្មណ៍ដល់ក្រុមអ្នកគាំទ្ររបស់លោកយ៉ាងខ្លាំង ធ្វើឱ្យកក្រើកពេញវិស័យកម្សាន្ត K-Pop។
ក្នុងនោះដែរ មហាជនស្រឡាញ់ពេញចិត្តលើតារាប្រុសរូបនេះ បានសម្ដែងក្តីព្រួយបារម្ភចំពោះព័ត៌មានដែលបានចុះផ្សាយថា លោកបានប្រើប្រាស់គ្រឿងញៀនដែលបានបញ្ចេញជាសាធារណៈ ហើយទទួលរងការរិះគន់ជាខ្លាំងផងដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ G-Dragon ថែមទាំងប្រឈមមុខនឹងការបាត់បង់អាជីពរយៈពេល ១៧ ឆ្នាំរបស់លោកដែលខំសាងយ៉ាងលំបាករហូតមកដល់ពេលបច្ចុប្បន្ននេះ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ស្តេចរ៉េបរូបនេះ ក៏បានបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសដើម្បីចូលខ្លួនសាកសួរ និង សហការជាមួយនឹងប៉ូលិសធ្វើតេស្តទឹកនោម និង សរសៃសក់ ស្វែងរកការពិតបង្ហាញថាលោកមិនបានប្រើប្រាស់សារធាតុញៀន ទាមទារយកភាពស្អាតស្អំមកវិញ។
ជាមួយគ្នានោះដែរ អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងនាំគ្នាវែកញែកពេញនៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េចំពោះ G-Dragon គឺខណៈបង្ហាញខ្លួននៅចំពោះមុខអ្នកសារព័ត៌មានជាច្រើន។
តារាប្រុសរូបនេះបានបង្ហាញទឹកមុខយ៉ាងស្រស់ស្រាយ ញញឹមពព្រាយដាក់អ្នករាល់គ្នានៅទីនោះ ព្រមទាំងឆ្លើយសំណួរទៅអ្នកសារព័ត៌មានយ៉ាងច្បាស់ថា៖ «ខ្ញុំពិតជាមិនបានពាក់ព័ន្ធនឹងគ្រឿងញៀនមែន ហើយខ្ញុំមកប៉ុស្តិ៍ប៉ូលិសដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំ»។
នេះហាក់ដូចជាចង់បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកពិតជាមិនបានប្រើប្រាស់គ្រឿងញៀនដូចធ្វើដែលសារព័ត៌មានបានចុះផ្សាយកន្លងមកនោះទេ៕