ជោគជ័យដល់ថ្នាក់ហ្នឹងហើយ ស៊ីន យូប៊ីន នៅតែពោលពាក្យថាមិនទាន់គ្រប់គ្រាន់
ប្រឡូកវិថីសិល្បៈប្រមាណមួយទសវត្សរ៍ ស៊ីន យូប៊ីន ទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ តាំងពីក្នុងប្រទេសរហូតហូរហៀរដល់ក្រៅប្រទេស។ អាចនិយាយបានថា ស៊ីន យូប៊ីន ជាតារាសម្តែងស្រីឆ្នើមមួយរូបដែលរមែងតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិច្រើនជាងគេ បើសរុបពីពានរង្វាន់ដែលនាងទទួលបានវិញគឺរាប់មិនអស់តែម្តង។
ខណៈកំពុងជោគជ័យធំធេងនៅលើវិថីសិល្បៈ ដោយឡែក ស៊ីន យូប៊ីន បែរជាគិតថាវាមិនទាន់គ្រប់គ្រាន់សម្រាប់នាងនៅឡើយ។ ស៊ីន យូប៊ីន ប្រាប់ថា ៖ «ដរាបណានៅមានដង្ហើម មិនដែលមានពាក្យថាគ្រប់គ្រាន់សម្រាប់ជីវិតឡើយ»។ នាងពន្យល់ថា ៖ «ធម្មតាជីវិតរបស់មនុស្សយើងមិនដែលមានពាក្យថាគ្រប់គ្រាន់ឡើយ ពាក្យថាគ្រប់គ្រាន់ ខ្ញុំមិនសំដៅទៅលើលុយកាស ឬ ទ្រព្យសម្បត្តិ តែខ្ញុំសំដៅទៅលើការសម្រេចបាននូវភាពជោគជ័យផ្សេងៗគ្នា ដូចជាឧទាហរណ៍នៅក្នុងជីវិតសិល្បៈរបស់ខ្ញុំ បើមានគេនិយាយថាខ្ញុំជោគជ័យលើវិថីសិល្បៈ តែខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំមិនទាន់ជោគជ័យទេ ខ្ញុំគ្រាន់តែជោគជ័យមួយផ្នែកប៉ុណ្ណោះនៃសិល្បៈ ដំណើរជីវិតសិល្បៈរបស់ខ្ញុំនៅមានបន្តទៀត ខ្ញុំមានជំហានជោគជ័យបន្តបន្ទាប់ ខ្ញុំមិនឈប់ត្រឹមហ្នឹងឡើយ»។
ជាមួយជំហានជោគជ័យលើវិថីសិល្បៈ ស៊ីន យូប៊ីន ជាតារាស្រីទន់ភ្លន់មានចំណេះដឹងប្រកបដោយភាពថ្លៃថ្នូរ នាងកាន់ជំហរមិនថតផ្សព្វផ្សាយទៅលើចំណុចយ៉ាង ៖ ទី ១ គ្រឿងស្រវឹង, ទី ២ ការថតសិចស៊ី និង ទី ៣ ការថតផលិតផលដែលប៉ះពាល់សុខភាពដូចជាបារី ជាដើម។ នាងជាបុគ្គលមានទំនាក់ទំនងល្អមិនថាក្នុងសង្គម វិថីសិល្បៈ ការធ្វើជំនួញ ដែលនេះមិនចម្លែកឡើយដែលនាងទទួលបានការស្រលាញ់ ក៏ដូចជាប្រជាប្រិយភាពទាំងក្នុង និង ក្រៅប្រទេស អមជាមួយដំណើរជីវិតពោរពេញដោយភាពត្រចះត្រចង់៕