បាត់មុខពីទីផ្សារសិល្បៈកូរ៉េ ធ្លាយដំណឹងថា Park Yoochun ត្រៀមចូលរោងការនឹងគូស្នេហ៍ជាអភិជនថៃ
យោងតាមការចុះផ្សាយរបស់ Hankook Ilbo កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ បាននិយាយថា អតីតតារាសម្ដែងប្រុស Park Yoochun កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកជំនួញរូបស្រស់មានទ្រព្យស្តុកម្នាក់ដែលជាកូនស្រីរបស់មន្រ្តីជាន់ខ្ពស់ក្នុងប្រទេសថៃ។
យ៉ាងណាមិញ បើតាមការឱ្យដឹងបន្ថែម អ្នកជំនួញស្រីរូបនោះ ក៏ជាម្ចាស់ម៉ាកគ្រឿងសម្អាងល្បីមួយនៅក្នុងប្រទេសថៃដែលមាន Park Yoochun ផ្ទាល់ធ្វើជា BA តំណាងឱ្យផលិតផលនោះផងដែរ។
ក្នុងនោះ អតីតសមាជិកក្រុម JYJ រូបនេះ ក៏បានចាប់ដៃគូជាមួយនឹងមិត្តស្រីរបស់លោកក្នុងព្រឹត្តិការណ៍របស់ម៉ាកយីហោនោះផងដែរ។ អ្នកទាំងពីរក៏មានដំណឹងលេចឮថាកំពុងតែឈានដល់ថ្ងៃចូលរោងការជាមួយគ្នាទៀតផង ប៉ុន្តែតារាប្រុសរូបនេះនៅមិនទាន់បញ្ចេញចម្លើយពិតប្រាកដជុំវិញព័ត៌មាននេះនៅឡើយទេ។
ទោះយ៉ាងណា បើតាមប្រភពដដែលបាននិយាយបន្ថែមទៀតថា Park Yoochun និង គូស្នេហ៍អភិជនរបស់លោក បានស្គាល់គ្នាជាងមួយឆ្នាំមកហើយ ចាប់តាំងពីលោកបានឈប់ធ្វើការនៅក្នុងប្រទេសកូរ៉េ ហើយផ្លាស់ប្តូរមកស្តារមុខមាត់នៅក្នុងប្រទេសថៃវិញ។
ត្រឡប់មករំឭកអំពីតារាសម្ដែងប្រុស Park Yoochun ដែលធ្លាប់ជាតារាប្រុសដ៏ល្បីក្នុងប្រទេសកូរ៉េ ដោយសារតែលោកបានផុងខ្លួនក្នុងរឿងអាស្រូវគ្រឿងញៀន កាលពីឆ្នាំ ២០១៩ ហើយត្រូវបានជាប់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទប្រើប្រាស់ថ្នាំញៀនជាមួយអតីតគូដណ្តឹង Hwang Hana ត្រូវជាក្មួយស្រីរបស់ស្ថាបនិកក្រុមហ៊ុន Namyang Dairy Group៕