ពិធីករ-ការិនីច្រើនរូប រួមដៃគ្នារៀបចំកម្មវិធី Surprise លាភាពនៅលីវឱ្យ ហ៊ិន ច័ន្ទនីរ័ត្ន យ៉ាងរីករាយ
នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស និង អបអរសាទរចំពោះនាង ដែលជាថ្ងៃដ៏សិរីមង្គលរបស់ពិធីការិនីរូបនេះ និង គូស្នេហ៍ ដឹកដៃគ្នារៀបចំកម្មវិធីភ្ជាប់ពាក្យចូលរួមដោយចាស់ទុំទាងសងខាង ញាតិមិត្តយ៉ាងពេញដោយស្នាមញញឺម និង ក្ដីសុខ។
ខណៈនោះដែរ ក្រឡេកមើលបណ្ដាញសង្គមមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈច្រើន បានធ្វើការបង្ហោះចែករំលែកពីទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យរបស់ពិធីការិនីរូបនេះ ដោយភ្ជាប់ជាមួយនឹងពាក្យពេចន៍អបអរសាទរ ព្រមទាំងជូនពរដល់នាង និង គូដណ្ដឹងផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីភ្ជាប់ពាក្យបានប៉ុន្មានថ្ងៃ មកដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ក៏បានឃើញពិធីករ អៀង វិច្ឆ័យ បង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីសកម្មភាពរបស់ពិធីករ-ការិនីជាច្រើនរូបប្រចាំស្ថានីយទូរទស្សន៍បាយ័ន បានរៀបចំកម្មវីធី Surprise កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាការអបអរ និង លាភាពនៅលីវឱ្យនាងត្រៀមចូលរោងការឆាប់ៗខាងមុខនេះ យ៉ាងពេញដោយភាពរីករាយផងដែរ៕