សមសួនណាស់! ចន សុទីម៉ា ស្លៀកឈុតប្រពៃណីខ្មែរចេញដំណើរទៅប្រកួតនៅ El Salvador
នៅដើមខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ កម្មវីធីប្រកួតសម្រស់ចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោក Miss Universe ចាំផ្តើមបើកឆាកប្រកួតហើយ។ ក្នុងនោះ មកទល់ពេលនេះគេឃើញមានបេក្ខភាពពីបណ្ដាប្រទេសជុំវិញពិភពលោកបានធ្វើដំណើរទៅដល់ទីតាំងប្រកួតនៅប្រទេស El Salvador បណ្តើរៗហើយ។
ដោយឡែក ងាកមកមើលបវរកញ្ញាប្រទេសកម្ពុជាយើងវិញ កញ្ញា ចន សុទីម៉ា គឺស្រីស្រស់រូបនេះនឹងត្រូវចេញដំណើរទៅប្រកួតនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តែដោយនាងអីវ៉ាន់ច្រើនពេកជើងហោះហើរដែលក្រុមហ៊ុនបានរៀបចំពុំអាចដាក់អីវ៉ាន់ច្រើន ទើបសម្រេចចិត្តប្តូរថ្ងៃហោះហើរមកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ វិញ។
តួយ៉ាង នៅរសៀលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បវរកញ្ញាចក្រវាលកម្ពុជា កញ្ញា ចន សុទីម៉ា ក៏បានធ្វើដំណើរទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដែរ។ ដើម្បីត្រៀមហោះហើរឆ្ពោះទៅប្រទេស El Salvador ទន្ទឹមនឹងធ្វើដំណើរទៅប្រកួតនេះគេក៏ឃើញមានមហាជនជាច្រើនបានទៅជូនដំណើរនាងផងដែរ។
អ្វីដែលសំខាន់ ងាកទៅមើលការតែងខ្លួនរបស់ស្រីស្រ់ស ចន សុទីម៉ា គេឃើញថាបានតែងខ្លួនជានារីខ្មែរស្លៀកនូវឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ដែលបង្ហាញឱ្យឃើញពីសម្រស់នារីខ្មែរផ្សាភ្ជាប់នឹងទំនៀមទម្លាប់យ៉ាងល្អប្រពៃយកទៅបង្ហាញអន្តរជាតិ ដោយទទួលបានការសរសើរពីសំណាក់មហាជនខ្មែរព្រោងព្រាត៕