បវរកញ្ញា Nampetch អតីតបេក្ខភាព Miss Grand Thailand 2022 ត្រូវតារាកំប្លែងវ័យក្មេងសុំធ្វើសង្សារ កណ្ដាលទីក្រុងអូសាកា
កញ្ញា Nampetch ធ្លាប់ជាបេក្ខភាពដ៏លេចធ្លោមួយរូបនៅក្នុងកម្មវិធី Miss Grand Thailand 2022 បើទោះបីជាបរវកញ្ញារូបនេះចូលបានត្រឹមតែ Top 20 នៃកម្មវិធីនេះក៏ដោយ តែក្រោយបញ្ចប់ពីការប្រកួតមក រូបនាងមានការងារក្នុងវិស័យសិល្បៈជារឿយៗ។
ស្របពេលដែល Nampetch ទទួលបានឱកាសការងារជាច្រើន រហូតដល់បានជួបនឹងតារាកំប្លែងវ័យក្មេង ដែលចូលវិស័យសិល្បៈមកតាំងពីនៅតូចៗនោះមានឈ្មោះថា Arethai ក្រោយពីបានជួបគ្នាក្នុងការងារនាពេលកន្លងមក គេសង្កេតឃើញពីទំនាក់ទំនងរបស់អ្នកទាំងពីរហាក់ដូចជាស្និទ្ធស្នាលនឹងគ្នាខ្លាំងឡើងៗ ធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំងពីរចង់ដឹងថាត្រូវជាអ្វីនឹងគ្នាឱ្យពិតប្រាកដ។
យ៉ាងណាមិញកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ បរវកញ្ញារូបនេះបានធ្វើដំណើរកម្សាន្តទៅទីក្រុងអូសាកា ប្រទេសជប៉ុន ដើម្បីទៅលេងបុណ្យ Halloween នៅទីនោះជាមួយក្រុមមិត្តភក្តិ ហើយក៏មានវត្តមានតារាកំប្លែងវ័យក្មេង Arethai ចូលរួមផងដែរ។
ដោយឡែកខណៈពេលកំពុងតែរីករាយជាមួយបុណ្យ Halloween នៅកណ្ដាលទីក្រុង អូសាកា ក្នុងប្រទេសជប៉ុន ស្រាប់តែ Arethai បាននិយាយថា៖ «ចង់ប្រាប់ថាយើងស្គាល់គ្នាមកច្រើនខែហើយ ខ្ញុំសុំប្រាប់នៅត្រង់នេះថា Nampetch តើធ្វើជាសង្សារខ្ញុំបានទេ?» ភ្លាមៗនោះកញ្ញា Nampetch ក៏បានឆ្លើយតបទៅវិញថា៖ «យល់ព្រម» ជាមួយគ្នានោះដែរមិត្តភក្តិរបស់នាងពិតជារីករាយ និង បានចូលរួមអបអរសាទរដល់រូបនាងផងដែរ៕