ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្ដាប់ឱកាសជាពិធីការិនីលើកទី ១ ដោយសារបុគ្គលមានឥទ្ធិពលនៅថៃរូបនេះ
ចាប់តាំងពីមុន និង ក្រោយទទួលបានតំណែងជា 5th Runner up Miss Grand International 2022 មក កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនត្រឹមតែទទួលបានការស្រឡាញ់គាំទ្រពីសំណាក់មហាជនទាំងក្នុង និង ក្រៅប្រទេសនោះទេ តែ បវរកញ្ញាដ៏មានឥទ្ធិពលរបស់កម្ពុជារូបនេះ ក្តាប់បានទីផ្សារការងារពេញដៃ ពោលគឺ មមាញឹកទាំងការងារក្នុងស្រុក និង ក្រៅស្រុក។
ទន្ទឹមនឹងការងារក្នុងស្រុកកំពុងតែហក់ឡើងក្រឺតៗស្ទើរគ្មានពេលទំនេរ ថ្មីៗនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានលាភទៀតហើយ បន្ទាប់ពីអ្នកគ្រប់គ្រង Miss Grand ក្រុងថេប ,សារៈបុរី បានអញ្ជើញនាងទៅធ្វើជាពិធីករនៅក្នុងកម្មវិធី Top 10 MGI queen celebration 2023 នៅប្រទេសថៃ ក្នុងពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ មហាជនប្រាកដជាចង់ដឹងហើយថា អ្នកដែលអញ្ជើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទៅធ្វើជាពិធីករនោះជានរណា? ជាការពិត បុគ្គលដេលផ្ដល់ឱកាសឱ្យ វត្តី ក្លាយជាពិធីការិនីលើកដំបូងនៅប្រទេសថៃ គឺលោកស្រី Morphine Anda ដែលអ្នកគាំទ្រស្គាល់ថា ជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand ក្រុងថេប , សារៈបុរី ពោលគឺលោកជាបុគ្គលដ៏មានឥទ្ធិពលមួយរូបក្នុងវិស័យបវរកញ្ញា ហើយថ្មីៗនេះ លោកស្រី Morphine Anda ទើបតែទទួលបានពាន Director Award 2023៕