ទីបំផុត! នាយក្រឹម ចេញមុខជជែកតទល់នឹងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជុំវិញរឿង ណុប ដាណេ
ជាការពិតណាស់ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានជ្រាបមកហើយ នូវការប្រតិកម្មយ៉ាងខ្លាំងទៅកាន់តារាកំប្លែងជើងចាស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ៣ ក្នុងវគ្គ Live Show សប្ដាហ៍ទី ៣ ដែលបានប្រើពាក្យពេចន៍ហាក់រើងអើងភេទទី ៣ ដោយលើកឡើងថា៖ «… បាត់បង់ធនធានមនុស្ស ព្រោះតែមានភេទទី ៣…» ទៅកាន់បេក្ខជន ណុប ដាណេ។
ជាការពិតណាស់ ពាក្យពេចន៍ជាច្រើនរបស់ នាយក្រឹម បានធ្វើឱ្យមហាជន និង សិល្បករ សិល្បការិនី ជាច្រើនផ្ទុះប្រតិកម្ម និង ស្រែករកយុត្តិធម៌ឱ្យ ណុប ដាណេ ក៏ដូចជាភេទទី ៣ ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។
ដោយឡែក ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្ដី និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានចេញមុខមកធ្វើការទៅលើរឿងខាងលើ បន្ទាប់ពីសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ក៏បានធ្វើលិខិតស្នើឱ្យមានកិច្ចអន្ដរាគមន៍ដើម្បីជួបពិភាក្សា និង បំភ្លឺជាមួយលោក អ៊ូ បុណ្ណារ៉ាត់ ឬ នាយក្រឹម ដែលជាគណៈកម្មការមួយរូបក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ៣ ជុំវិញមតិយោបល់មានលក្ខណៈរើសអើងលើបេក្ខជនមួយរូបក៏ដូចជាបុគ្គល និង សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដទៃ។
តួយ៉ាង នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ នេះ ឯកឧត្តម កែវ រ៉េមី បាបង្ហោះរូបភាពជាច្រើនសន្លឹក និង បានបង្ហាញពីសកម្មភាពនៃការពិភាក្សារវាង នាយក្រឹម រួចរាល់ហើយដែរ។ ក្នុងនោះ ឯកឧត្តម កែវ រ៉េមី បានរៀបរាប់ថា៖ «ក្រោយពីបានជួបជជែកគ្នាទាំងសងខាង, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជាមាន។ ខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយៈវីដេអូខ្លី។ សូមអរគុណលោកជំទាវ ចន ចន្ទ័លក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានជួយអន្តរាគមន៍ និង អរគុណជាអនេកជូន លោក អ៊ូ ប៊ុណ្ណារ៉ាត់ និង ក្មួយ ណុប ដាណេ ដែលបានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិយើង»៕