ក្តៅដូចបាយពុះ! Zhao Liying ប្តឹងអ្នកលេងអ៊ីនធឺណេតម្នាក់ឡើងតុលាការ រឿងបង្កាច់បង្ខូចឈ្មោះនាង
មិនមែនតារាដែលជាមនុស្សរបស់មហាជន គឺសុទ្ធសឹងតែជាមនុស្សដែលគេស្រឡាញ់ចូលចិត្តទាំងអស់នោះទេ ប្រាកដណាស់នឹងមានអ្នកស្អប់ផងដែរ។
ដូចជាតារាសម្ដែងស្រីចិនជួរមុខ Zhao Liying ដែលជាកំពូលតារាស្រីឈរក្នុងបញ្ជី A របស់វិស័យកម្សាន្ត ថ្មីៗនេះនាងក៏ត្រូវរងការវាយប្រហារពីអ្នកនិយមលេងអ៊ីនធឺណេតម្នាក់ផងដែរ ដោយព្យាយាមបង្កើតព័ត៌មានមិនពិតចង់បង្កាច់បង្ខូចប៉ះពាល់មុខមាត់នាង រហូតដល់នាងអត់ទ្រាំមិនបានដាក់ពាក្យប្តឹងចាត់ការតាមផ្លូវច្បាប់។
នៅទីបំផុត តារាស្រីរូបនេះជាអ្នកឈ្នះក្នុងរឿងក្តីបរិហារកេរ្តិ៍ពាក់ព័ន្ធនឹងអ្នកលេងអ៊ីនធឺណេតម្នាក់នោះដែលបង្ហោះសារនៅលើបណ្តាញសង្គម Weibo បង្កាច់បង្ខូចដល់មុខមាត់នាងក្នុងអាជីពសិល្បៈ។
ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលតារាស្រីរូបនេះបានដាក់ពាក្យប្តឹងចំពោះជនណាដែលចង់ធ្វើរឿងប៉ះពាល់ដល់នាង ព្រោះកន្លងមកនាងក៏ធ្លាប់បានដាក់ពាក្យប្តឹងឡើងតុលាការពីបទបរិហារកេរ្តិ៍នេះផងដែរ ប៉ុន្តែមិនបានចុះផ្សាយជាសាធារណៈ។
យ៉ាងណាលើកនេះផងដែរ តុលាការបានសម្រេចឱ្យចុងចោទចេញមុខសុំទោសដល់ Zhao Liying ជាសាធារណៈ និង បង់ជាប្រាក់ផាតពិន័យចំនួន ៧០០ ដុល្លារអាមេរិក ជាថ្លៃសងជំងឺចិត្ត ក៏ដូចជាការប៉ះប៉ូវផ្សេងៗទៀត៕