ផ្អើលអ្នកគាំទ្រ! សម្តេច ហ៊ុន សែន បញ្ជាក់ច្បាស់ៗស្អែកនេះ ហ៊ិន ច័ន្ទនីរ័ត្ន ភ្ជាប់ពាក្យ ហើយថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នឹងចូលរោងការ
នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ នេះ មហាជនអ្នកគាំទ្ររបស់តារាស្រីល្បីឈ្មោះកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងបង្ហាញការអបអរសារទរខ្លាំង ក្រោយបានឃើញបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាព និង សារ បើកបង្ហាញពីទំនាក់ទំនងរបស់តារាស្រីរូបនេះជាមួយនឹងគូស្នេហ៍ដែលមានឈ្មោះថា ឌី ពេជ្រ។
តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចបានបញ្ជាក់ឱ្យដឹងថាកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និង គូស្នេហ៍ ត្រៀមចូលរោងការនៅចុងឆ្នាំនេះហើយ ពោលគឺកំណត់ថ្ងៃរៀបការនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នេះ ដែលឪពុកម្តាយខាងប្រុស នឹងរៀបចំចូលស្តីដណ្តឹងខាងស្រីនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ស្អែកនេះហើយ។
អត្ថន័យសារលើបណ្ដាញសង្គមហ្វេសប៊ុកផេករបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ៖ «ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវ ជុំវិញកូនប្រុស ឌី ពេជ្រ និង កូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន។ ក្នុងឋានៈជាឪពុកធំកូន ពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឱ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី។ ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។ ថ្ងៃ ២២ ខែធ្នូ ២០២៣ កំណត់ជាថ្ងៃរៀបការ ដែលគ្រួសារទាំងសងខាង និង សាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹក និង សង្ឃឹមថាពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»៕