ផ្អើលទៀតហើយ! លោក អ៊ិន សុភិន ត្អូញថា រាល់ថ្ងៃកំពុងថប់ដង្ហើមរឿងជំពាក់លុយគេដោយសារ Miss
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យបវរកញ្ញានៅកម្ពុជាកាន់តែទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើនផុសផុលពីទស្សនិកជន ដោយបច្ចុប្បន្នគេឃើញមានស្ថាប័នឯកជនជាច្រើន បានទិញសិទ្ធិពីកម្មវិធីបវរកញ្ញានៅក្រៅប្រទេសមកប្រកួតជ្រើសរើសស្រីស្អាត មានចំណេះដឹង និង សមត្ថភាពនៅកម្ពុជា ដើម្បីចម្រាញ់យកអ្នកឈ្នះមកុដទៅប្រកួតលើឆាកអន្តរជាតិ។
ក្នុងចំណោមស្ថាប័នឯកជនជាច្រើនដែលបានទិញសិទ្ធិកម្មវិធីបវរកញ្ញាពីក្រៅប្រទេសមករៀបចំនៅកម្ពុជា ក្នុងនោះ លោក អ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្មមហាហង្ស ក៏ត្រូវបានគេស្គាល់ថា លោកក៏ជាថ្នាក់ដឹកនាំដ៏ល្បីមួយរូបក្នុងវិស័យបវរកញ្ញាផងដែរ។
លោក អ៊ិន សុភិន ធ្លាប់ទិញសិទ្ធិកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ៣ ឆ្នាំជាប់គ្នា គឺនៅឆ្នាំ ២០២០, ឆ្នាំ ២០២១ និង ឆ្នាំ ២០២២ ដែលបវរកញ្ញាស្ថិតក្រោមការគ្រប់គ្រងរបស់លោក សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន ហើយក៏ជាបវរកញ្ញាដ៏លេចធ្លោពេលទៅប្រកួតលើឆាកអន្តរជាតិផងដែរ។
ក្រៅពីធ្លាប់ជាអ្នកគ្រប់គ្រងលើកម្មវិធី Miss Grand Cambodia ៣ ឆ្នាំជាប់គ្នា លោក អ៊ិន សុភិន ក៏ជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់មួយចំនួនទៀតផងដែរ ហើយនៅឆ្នាំ ២០២៣ នេះ លោកបានទិញសិទ្ធិជាអ្នករៀបចំកម្មវិធីប្រកួតសម្រស់ដ៏ធំមួយទៀតគឺ Miss Universe Cambodia 2023 ដែលឆាប់ៗខាងមុខនេះ កម្មវិធីនឹងបញ្ចូនបវរកញ្ញាគ្រងមកុដទៅប្រកួតលើឆាកអន្តរជាតិ។
ប្រឡូកក្នុងវិស័យបវរកញ្ញាច្រើនឆ្នាំ ស្រាប់តែនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ នេះ លោក អ៊ិន សុភិន បានត្អូញត្អែរយ៉ាងភ្ញាក់ផ្អើលថា ៖ «អត់មានយោបល់អីទេ សំខាន់រកលុយសងគេវិញកុំឱ្យមានបញ្ហាច្រើន រាល់ថ្ងៃកំពុងថប់ដង្ហើមរឿងជំពាក់លុយគេដោយសារ Miss»៕