(វីដេអូ) ភឹម ស្រីនោ ទម្លាយអារម្មណ៍នេះឡើងភ្លាមៗ ក្រោយរបូតឱកាសចូល Top កំពូលនៅ MGI 2023
នៅរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ កន្លងនេះ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand International 2023 ដែលប្រព្រឹត្តនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្នុងនោះកម្មវិធីក៏បានស្វែងរកឃើញម្ចាស់មកុដ Miss Grand International ប្រចាំឆ្នាំ ២០២៣ ដែរ គឺបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេស PERU នាង Luciana Fuster ។
ទន្ទឹមនឹងស្រីស្រស់ Luciana Fuster ក្លាយជាម្ចាស់មកុដ គេឃើញមានមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាម ដែលតាមដានវិស័យបវរកញ្ញាទូទាំងពិភពលោកបានបង្ហាញការអបអរសាទរយ៉ាងច្រើនសន្ធឹកសន្ធាប់ចំពោះម្ចាស់មកុដថ្មី Miss Grand International 2023 រូបនេះ។
ដោយឡែក ងាកមកមើលបវរកញ្ញាខ្មែរ ភឹម ស្រីនោ វិញ នាងបានបូតឱកាសមិនអាចឈានជើងចូល Top កំពូលណាមួយក្នុងកម្មវិធីឡើយ ដែលនេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការខកចិត្តជាខ្លាំង ព្រោះថា ភឹម ស្រីនោ ក៏មានសមត្ថភាពមិនចាញ់ប្រទេសដទៃដែរ តែបែរជាមិនចូល Top ណាមួយទៅវិញ។
ដោយសារតែមិនអាចរក Top កំពូលឱ្យកម្ពុជា ភឹម ស្រីនោ បានពោលពាក្យសុំអភ័យទោសមហាជនខ្មែរ ក៏ដូចជាអរគុណដែលអ្នកគាំទ្រទាំងអស់តែងលើកទឹកចិត្តនាងចាប់តាំងពីចាប់ផ្តើមប្រកួតរហូតដល់ពេលបញ្ចប់។ ទោះបីមិនបានចូល Top ក៏ដោយក៏នាងទទួលបាននូវបទពិសោធច្រើនក្នុងការប្រកួត ហើយនាងនឹងយកបទពិសោធទាំងនោះទៅចែករំលែកដល់ប្អូនៗជំនាន់ក្រោយៗទៀត៕