មិនធម្មតាមែន! បើកបង្ហាញប្រវត្តិត្រួសៗ នាង Luciana Fuster ក្រោយឈ្នះមកុដ MGI 2023 នៅវៀតណាម
បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញមក កម្មវិធី Miss Grand International 2023 បានឈានដល់វគ្គផ្តាច់ព្រ័ត្រ និង រកឃើញម្ចាស់មកុដហើយកាលពីរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ដោយបានទៅលើបេក្ខភាពមកពីប្រទេស PERU គឺកញ្ញា Luciana Fuster។
ពិតណាស់ កញ្ញា Luciana Fuster ដែលជាម្ចាសមកុដ Miss Grand International 2023 មិនត្រឹមតែមានសម្រស់ស្រស់ស្អាតតែមួយមុខនោះទេ តែនាងជាបវរកញ្ញាម្នាក់ដែលមានសមត្ថភាពទាំងព្រម ទាំងការប្រើប្រាស់ភាសា ការដើរ និង ការឆ្លើយសំណួរក្នុងវគ្គផ្សេងៗ។
ដោយឡែក បើងាកមកមើលប្រវត្តិរបស់បវរកញ្ញាម្ចាស់មកុដរូបនេះវិញក៏មិនធម្មតាដែរ ពោលគឺនាងរៀនចប់បរិញ្ញាបត្រផ្នែកសារព័ត៌មាននៅក្នុងសកលវិទ្យាល័យ San Martín de Porres។ មិនតែប៉ុណ្ណោះនាងក៏ជាតារាបង្ហាញម៉ូដដ៏ល្បីម្នាក់នៅក្នុងប្រទេស PERU ដែរ។
លើសពីនេះទៅទៀតនោះ មុនឈានជើងប្រកួតកម្មវិធី MGI 2023 ទទួលបានជ័យលាភី ការពិតទៅបវរកញ្ញាឯករូបនេះក៏ធ្លាប់ឆ្លងកាត់ការប្រកួតជាច្រើនកម្មវិធីផ្សេងៗ មានកម្មវិធី Miss Teen Model Peru 2015 និង Miss Teen Pageant International 2016៕