Benz Racing ទម្លាយអារម្មណ៍ទាំងក្តុកក្តួលក្រោយមានសេរីភាព បានវិលជួបគ្រួសារ និង កូន
អស់រយៈពេល ៦ ឆ្នាំហើយដែលអតីតស្វាមីតារាសម្ដែងស្រី Pat Napapa លោក Benz Racing បានតស៊ូក្តីក្នុងតុលាការជុំវិញបទល្មើសជួញដូរគ្រឿងញៀន និង លាងលុយកង្វក់ ដោយមកទល់ពេលនេះលោកត្រូវបានតុលាការសម្រេចក្តីឱ្យមានសេរីភាពវិញហើយក្រោយជាប់ឃុំឃាំងនៅពន្ធនាគារមកប្រមាណជិត ៤ ឆ្នាំ។
ទន្ទឹមនឹងចេញពីពន្ធនាគារមានសេរីភាពនេះ គេឃើញថា Benz ពិតសប្បាយរីករាយជាខ្លាំងព្រោះថាបានជួបជុំគ្រួសារ និង កូនជាទីស្រឡាញ់។ នេះបើតាមការទម្លាយរបស់ Benz បានឱ្យដឹងថា ៖ «អស់រយៈពេល ៦ ឆ្នាំហើយដែលលោកស៊ូក្នុងរឿងក្តី លោកបានខាតបង់ច្រើនមិនថាលុយ ពេលវេលា និង ទំនុកចិត្ត។ ខណៈនេះលោកបានចេញមានសេរីភាពលោកនឹងធ្វើរឿងដែលមិនបានធ្វើពីមុនជាពិសេស កាលមើលថែកូនប្រុសបណ្ដូលចិត្ត»។
លើសពីនោះ Benz បានបន្ថែមទៀតថា ៖ «ចាប់ពីពេលនេះទៅលោកនឹងត្រឡប់ទៅមើលថែកូន និង គ្រួសារ ហើយលោកក៏មិនទាន់រៀបចំផែនការជីវិតថ្មីដែរ សុំសម្រាកដើម្បីសម្របខ្លួនសិន ព្រោះការដែលលោកបានបញ្ចប់ក្តីប្រៀបបាននឹងមានជីវិតថ្មីម្តងទៀត»។ យ៉ាងណាមិញ បន្ទាប់ផ្តល់បទសម្ភាសហើយ គេឃើញថា Benz បានទៅរកកូន និង អតីតប្រពន្ធដល់ផ្ទះថែមទាំងបានថតរូបយ៉ាងមានក្តីសុខបង្ហោះលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមថែមទៀតផង។ តាមរយៈទឹកមុខ គេឃើញថា Benz តារាស្រី Pat រួមនឹងកូនប្រុសបង្ហាញនូវអារម្មណ៍រំភើប និង កក់ក្តៅជាលក្ខណៈគ្រួសារដ៏ផ្អែមល្ហែម៕