Kim និង Nutt ប្រញាប់ប្រញាល់តែងខ្លួនជាខ្មោចត្រៀមថ្ងៃ Halloween បានមុនគេ
Halloween គឺជាពិធីបុណ្យមួយ ដែលបណ្ដាប្រទេសជាច្រើននិយមប្រារព្ធធ្វើឡើង ជាពិសេសបណ្ដាប្រទេសដែលកាន់សាសនាគ្រឹស្ត។ ពិធីបុណ្យនេះដែរ គឺតែងតែធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៣១ ខែតុលា ដើម្បីជាការរំឭក និង ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ។
ដូចដែលធ្លាប់បានឃើញជារៀងរាល់ឆ្នាំ ឱ្យតែកៀក និង ដល់ថ្ងៃបុណ្យ Halloween ប្រជាជនដែលមានជំនឿធ្វើពិធីបុណ្យនេះ គឺតែងតែនាំគ្នាទិញប្រដាប់ប្រដាប្លែកៗដូចជាតុក្កតាខ្មោច សម្លៀកបំពាក់ខ្មោច គោមភ្លើងចម្រុះពណ៌ ជាដើម ដើម្បីយកមកតុបតែងលម្អគេហដ្ឋាន និង តែងខ្លួនប្លែកៗពីគ្នាទៅតាមអ្វីដែលគេចង់ធ្វើ។
តួយ៉ាងនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ នេះផ្ទាល់ បើងាកទៅមើលតារាសម្ដែង តារាចម្រៀង តារាបង្ហាញម៉ូដល្បីៗក្នុងប្រទេសថៃវិញ ក៏បាននាំគ្នាតែងខ្លួននូវឈុតខ្មោចប្លែកៗពីគ្នា ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង។ ក្នុងនោះ គេឃើញអ្នកកំលោះ Kim Goodburn ដែលជាម្ចាស់ជ័យលាភី Mister International 2023 រួមជាមួយនឹង Youtuber ល្បីឈ្មោះ Nutt Nisamanee បាននាំគ្នាតែងខ្លួនជាតួអង្គកូនក្រមុំ Emily និង កូនកំលោះ Victor ដែលប្លែក និង ដូចទៅនឹងរឿងពិតៗតែម្តង។ ទន្ទឹមនឹងឃើញរូបភាពនេះ មហាជនក៏ផ្ទុះការសរសើរដែរ ព្រោះពួកគេជាមនុស្សដំបូងគេហើយក្នុងរង្វង់សិល្បៈថៃដែលបានតែងខ្លួនត្រៀមអបអរបុណ្យ Halloween៕