ទោះបីលែងលះគ្នាមែន Pat និង កូន នៅតែទៅទទួលអតីតស្វាមីចេញពីពន្ធនាគារដោយផ្ទាល់
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ នេះ សារព័ត៌មានកម្សាន្តថៃជាច្រើនបានចេញផ្សាយពីរឿងក្តីអតីតស្វាមីតារាសម្ដែងស្រី Pat Napapa ជុំវិញរឿងក្តីជួយដូរគ្រឿងញៀន និង លាងលុយកង្វក់ ដោយពេលនេះតុលាការបានសម្រេចក្តីដោះលែងលោក Benz Racing ឱ្យចេញពីគុកហើយក្រោយពីឃុំខ្លួនក្នុងពន្ធនាគារគ្រប់ចំនួន ៣ ឆ្នាំ និង ៤ ខែ។
នេះបើតាមការឱ្យដឹងបន្ថែមពីសារព័ត៌មានក្នុងស្រុក លោក Benz Racing ដែលជាអតីតស្វាមីតារាសម្ដែងស្រី Pat Napapa ត្រូវបានតុលាការនៃសាលាឧទ្ធរណ៍រកឃើញថាពុំមានភស្តុតាងគ្រប់គ្រាន់ ហើយក៏ឱ្យឃុំឃាំងរយៈពេល ៣ ឆ្នាំ និង ៤ ខែ រហូតពេលនេះ លោក Benz ក៏បានឃុំខ្លួនគ្រប់ចំនួន ដូចនេះនៅវេលាម៉ោង ៦ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ នេះនឹងមានការដោះលែងហើយ។
ទន្ទឹមនឹងតុលាការសម្រេចក្តីលើកលែងទោសនេះ គេឃើញថា ម្តាយរបស់លោក Benz ពិតជាសប្បាយរីករាយជាខ្លាំងរួមនឹងសាច់ញាតិផងដែរ ហើយនៅល្ងាចនេះលោកស្រីនឹងទៅទទួលកូនប្រុសនៅពន្ធនាគារ។ យ៉ាងណាមិញ ងាកទៅមើលមហាជនក៏ទន្ទឹងរង់ចាំមើលថា តើតារាស្រី Pat Napapa អាចនឹងទៅទទួលអតីតស្វាមីឬយ៉ាងណា ព្រោះថានាងបានលែងលះគ្នាដាច់ស្រេច និង មានសង្សារថ្មីរួចទៅហើយ។
ជាមួយនឹងចម្ងល់មួយនេះ ស្រីស្រស់ Jane ដែលជាមិត្តជិតស្និទ្ធរបស់ Pat បានចេញទម្លាយច្បាស់ៗថានៅល្ងាចនេះ Pat និង កូនប្រុសក៏នឹងទៅទទួលអតីតស្វាមីរបស់ខ្លួនផងដែរ ដោយនាងបានត្រៀមខ្លួនរួចជាស្រេចហើយរួមមានមិត្តរបស់នាងមួយចំនួនទៀតក៏ទៅទទួលដូចគ្នា៕