(វីដេអូ) មានឱកាសបានឈរលើឆាកអន្តរជាតិធំៗម្ដងៗ ស៊ីន យូប៊ីន ខំប្រឹងណាស់ មិនឱ្យកម្ពុជាបាក់មុខទេ
បើនិយាយពីតារាសម្ដែងស្រីកម្ពុជាដ៏ឆ្នើម ស៊ីន យូប៊ីន បច្ចុប្បន្នក្លាយជាតារាស្រីដ៏មានឥទ្ធិពលលើឆាកអន្តរជាតិ ជាមួយសមត្ថភាពក្នុងវិស័យសិល្បៈរបស់នាងតែងទទួលបានពានរង្វាន់នៅក្រៅប្រទេសជាញឹកញាប់។
លើសពីនេះ មួយរយៈចុងក្រោយនេះ មិនត្រឹមតែទទួលបានពានរង្វាន់ផ្សេងៗពីក្រៅប្រទេសនោះទេ ស៊ីន យូប៊ីន ក៏ទទួលបានឱកាសធំៗក្នុងការចូលរួមកម្មវិធីអន្តរជាតិផ្សេងៗ ដែលទទួលបានការអញ្ជើញពីប្រ៊េនធំៗលំដាប់ពិភពលោកចូលរួមកម្មវិធីជាមួយនឹងកំពូលតារាល្បីៗពីបណ្ដាប្រទេសផ្សេងពេញដោយមោទកភាពសម្រាប់កម្ពុជា។
ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ ខណៈម៉ាក់ប្រេនដ៏ល្បី Calvin Klein (CK) បានធ្វើកម្មវិធីមួយមានឈ្មោះថា «Calvin Klein’s Fall/Winter 2023» នៅឯទីក្រុង Tokyo ប្រទេសជប៉ុន ក៏បានឃើញវត្តមានរបស់កញ្ញា ស៊ីន យូប៊ីន ចូលរួមជាមួយនឹងកំពូលតារាល្បីៗជាច្រើនប្រទេសផងដែរ។
យ៉ាងណាមិញ ក្រោយពីបញ្ចប់បេសកកម្មរបស់ខ្លួន កញ្ញា ស៊ីន យូប៊ីន ក៏បាននិយាយក្នុងវីដេអូឡាយទម្លាយពីការចូលរួមក្នុងកម្មវិធីអន្តរជាតិរបស់ខ្លួន ដែលបានឱ្យដឹងថាការទទួលបានឱកាសចូលរួមកម្មវិធីធំៗកន្លងមក គឺនាងបានខិតខំប្រឹងប្រែងមិនដែលធ្វើឱ្យកម្ពុជាអន់ជាងប្រទេសខ្លាំងៗដទៃឡើយ ជាពិសេស កម្ពុជាតែងទទួលបានឱកាសល្អៗ ខណៈនាងស្នើសុំចូលរួមកម្មវិធីផ្សេងៗកន្លងមក គឺតែងទទួលបាន ដោយខាងកម្មវិធីមានការអាណិតស្រឡាញ់ និង ឱ្យតម្លៃកម្ពុជាយើងខ្លាំង ក្នុងនោះក៏តាមរយៈការមើលឃើញពីឥទ្ធិពល និង ប្រជាប្រិយភាពរបស់ខ្លួនផងដែរ៕