ដូចសុបិនអាក្រក់! Gao Liu ទៅកែច្រមុះប៉ះចំពេទ្យគ្មានអាជ្ញាប័ណ្ណ ផ្ដាំតកូនចៅបើចង់ស្អាតត្រូវគិតមុនគូ
ថ្មីៗនេះ តារាសម្ដែងស្រីចិន Gao Liu បានចេញមកចែករំលែករឿងរ៉ាវជូរចត់របស់នាងប្រៀបដូចយល់សប្តិអាក្រក់ បន្ទាប់ពីនាងបានវះកាត់កែច្រមុះរបស់នាង តែបែរជាពេទ្យធ្វើឱ្យខូចច្រមុះយ៉ាងធ្ងន់ធ្ងរ។
ដោយសារតែគ្រូពេទ្យវះកាត់កែសម្ផស្ស ដែលនាងសម្រេចចិត្តធ្វើការកែកុនច្រមុះនោះគឺគ្មានអាជ្ញាប័ណ្ណទេ ហើយជាលទ្ធផលចុងច្រមុះរបស់នាងបានឆ្លងមេរោគ បណ្តាលឱ្យចុងច្រមុះរលួយស៊ីឆ្អឹងខ្ចីឡើងដំបៅ។
ជាមួយគ្នានោះដែរ នាងក៏បានបង្ហោះចែកចាយព័ត៌មានអំពីគ្រូពេទ្យវះកាត់កែសម្ផស្សគ្មានអាជ្ញាប័ណ្ណនេះ នៅលើបណ្តាញសង្គម Weibo ដើម្បីក្រើនរំឭកដល់អ្នកដែលចង់កែកុនច្រមុះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងជួបរឿងអាក្រក់ដូចរូបនាង បន្ទាប់ពីកែកុនហើយ ពិសេសត្រូវជ្រើសរើសវេជ្ជបណ្ឌិតដែលមានជំនាញ កុំទុកចិត្តលើពេទ្យគ្មានអាជ្ញាប័ណ្ណ។
លើសពីនេះ នាងបានបង្ហើបទៀតថា ក្រោយវះកាត់ទទួលបានលទ្ធផលបែបនេះ បានប៉ះពាល់ដល់អាជីពសម្ដែងរបស់នាងយ៉ាងខ្លាំង នាងបានបាត់បង់ការងាររហូតដល់ថ្នាក់គិតចង់សម្លាប់ខ្លួន ព្រោះរងភាពអាម៉ាស់មិនហ៊ានចេញពីផ្ទះអស់ច្រើនខែ។
តែយ៉ាងណា នាងក៏ក្លាហានស្វែងរកការព្យាបាលថ្មី ទោះលទ្ធផលទទួលបានមិនទាន់ដល់ជាសះស្បើយ ១០០ភាគរយ តែនាងនៅតែពេញចិត្តទទួលយកវាបាន៕