ឆុតណាស់! Lee Sun Kyun តួក្នុងរឿង Parasite ពិតជាជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតដូចពាក្យគ្រូទាយមែន
នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ នេះ ភាគីខាងក្រុមហ៊ុនរបស់តារាសម្ដែង លោក Lee Sun Kyun ពោលគឺ HODU&U Entertainment បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានរៀបរាប់ថា ៖ «បច្ចុប្បន្ន Lee Sun Gyun ពិតជាកំពុងជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតគ្រឿងញៀន ប៉ុន្តែពួកយើងមិនទាន់អាចបញ្ជាក់បានទេថា ការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀននេះជាការពិត ឬយ៉ាងណានោះឡើយ»។
ផលិតកម្ម HODU&U បានលើកឡើងថា ៖ «ជាដំបូង យើងសូមអភ័យទោសចំពោះការព្រួយបារម្ភដែលមានព័ត៌មានអំពីតារាសម្តែង Lee Sun Kyun។ បច្ចុប្បន្ននេះ យើងកំពុងពិនិត្យមើលការពិតដែលត្រឹមត្រូវអំពីការសង្ស័យដែលបានលើកឡើងចំពោះលោក ដោយពួកយើងនឹងចូលរួមអនុវត្តដោយស្មោះត្រង់ជាមួយអធិការកិច្ច និង ការស៊ើបអង្កេតដែលនឹងត្រូវបានអនុវត្តនៅពេលអនាគត»។ លើសពីនេះទៅទៀតនោះ ផលិតកម្មដដែលក៏បានបញ្ជាក់បន្ថែមទៀតថា ៖ «Lee Sun Gyun បានទទួលការគំរាមកំហែងដោយ blackmail ទាក់ទងនឹងករណីនេះ»។
គួររំឭកផងដែរថា សារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយព្រោងព្រាតថាមានតារាសម្ដែងល្បីម្នាក់ តំណាងឈ្មោះដោយអក្សរ «L» ត្រូវបានគេចោទថាបានប្រើប្រាស់ថ្នាំញៀន ហើយត្រូវបានប្រទះឃើញនៅក្លឹបកម្សាន្តមួយ។ បន្ទាប់មក បណ្ដាអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ក៏បានដាក់ការសង្ស័យថាតារាសម្តែងម្នាក់នោះគឺជាលោក Lee Sun Kyun ដែលបានសម្ដែងក្នុងខ្សែភាពយន្តល្បីៗជាច្រើនដូចជា រឿង «Parasite» រឿង «Sleep» រឿង «My Mister» ព្រមទាំងរឿងជាច្រើនផ្សេងទៀត។
មិនតែប៉ុណ្ណោះ ក៏មានគ្រូទាយម្នាក់ធ្លាប់បានទស្សន៍ទាយពីអនាគតរបស់ Lee Sun-kyun ដោយអ្នកស្រីបាននិយាយយ៉ាងព្រឺសម្បុរថា ៖ «នៅដែលពេលខ្ញុំឃើញមនុស្សម្នាក់នេះ ហេតុអ្វីខ្ញុំមានអារម្មណ៍ថាគាត់នឹងត្រូវជាប់ខ្នោះ? ខ្ញុំបានឃើញគាត់ត្រូវបានគេវាយខ្នោះ និង ចាប់ចាក់ថ្នាំ ដែលវាហាក់បីដូចជាគាត់អាចនឹងចូលក្នុងរឿងជម្លោះចម្រូងចម្រាសណាមួយ។ សូមប្រយ័ត្ន កេរ្តិ៍ឈ្មោះដែលលោកបានសាងអាចនឹងត្រូវបាត់បង់ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ សូមប្រយ័ត្នឱ្យបានខ្លាំងបំផុត ជាពិសេសគឺនៅក្នុងខែតុលា»៕