ផ្ទុះការភ្ញាក់ផ្អើល! គ្រូទាយម្នាក់ធ្លាប់ប្រាប់តួក្នុងរឿង Parasite ដ៏ល្បីម្នាក់នេះ ឱ្យប្រយ័ត្នជាប់ខ្នោះដៃ
ថ្មីៗនេះ សារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយព្រោងព្រាតថាមានតារាសម្ដែងល្បីម្នាក់ តំណាងឈ្មោះដោយអក្សរ «L» ត្រូវបានគេចោទថាបានប្រើប្រាស់ថ្នាំញៀន ហើយត្រូវបានប្រទះឃើញនៅក្លឹបកម្សាន្តមួយ។ តាមការឱ្យដឹងបន្ថែមទៀតថា «L» ធ្លាប់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងកំប្លែងរបស់ស្ថានីយ៍ទូរទស្សន៍ MBC កាលពីខែវិច្ឆិកា ឆ្នាំ ២០០១ ហើយឥលូវនេះមានការងារចំនួន ៤ ផ្សេងទៀតដែលមិនទាន់ត្រូវបានចេញផ្សាយ។
ជាមួយនឹងរឿងរ៉ាវទាំងនេះ បណ្ដាអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន មានការងឿងឆ្ងល់ជាខ្លាំងថាជាតារារូបណា? ដោយឡែក ក៏មានមនុស្សមួយចំនួនតូចបានដាក់ការសន្និដ្ឋានថា តួសម្តែងម្នាក់នោះគឺជាលោក Lee Sun Kyun ដែលសម្ដែងក្នុងខ្សែភាពយន្តល្បីជាច្រើនដូចជា រឿង «Parasite» រឿង «Sleep» រឿង «My Mister» ព្រមទាំងរឿងជាច្រើនផ្សេងទៀត។
ទន្ទឹមនឹងរឿងរ៉ាវមួយនោះ ក៏មានអ្នកជីកកកាយវីដេអូចាស់ៗកាលពីឆ្នាំ ២០២០ ដែលគ្រូទាយម្នាក់បានទស្សន៍ទាយពីអនាគតរបស់ Lee Sun-kyun ដោយអ្នកស្រីបាននិយាយយ៉ាងព្រឺសម្បុរថា ៖ «នៅដែលពេលខ្ញុំឃើញមនុស្សម្នាក់នេះ ហេតុអ្វីខ្ញុំមានអារម្មណ៍ថាគាត់នឹងត្រូវជាប់ខ្នោះ? ខ្ញុំបានឃើញគាត់ត្រូវបានគេវាយខ្នោះ និង ចាប់ចាក់ថ្នាំ ដែលវាហាក់បីដូចជាគាត់អាចនឹងចូលក្នុងរឿងជម្លោះចម្រូងចម្រាសណាមួយ»។
គ្រូទាយរូបនោះ ក៏បានបន្ថែមទៀតថា ៖ «សូមប្រយ័ត្ន កេរ្តិ៍ឈ្មោះដែលលោកបានសាងអាចនឹងត្រូវបាត់បង់ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ សូមប្រយ័ត្នឱ្យបានខ្លាំងបំផុត ជាពិសេសគឺនៅក្នុងខែតុលា»។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ ភាគីខាងលោក Lee Sun Kyun នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីការចោទប្រកាន់ទាំងនេះនៅឡើយទេ៕