តាមពិតមកពី Bam Bam ទើប Lisa ទៅវៀតណាមដើរ Shopping ផ្អើលអ្នកគាំទ្រស្ទើរកន្លះប្រទេស
ថ្មីៗនេះ នៅលើបណ្តាញសង្គមក្នុងប្រទេសវៀតណាម បានផ្ទុះកក្រើកយ៉ាងខ្លាំង ដោយសារតែមានវត្តមានរបស់តារាចម្រៀងស្រី Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេប្រទះឃើញកំពុងដើរលេង Shopping ទិញអីវ៉ាន់ប្រេនល្បីៗនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ជាមួយនឹងបងប្អូនជីដូនមួយរបស់នាង។
សម្រាប់ការបង្ហាញខ្លួនរបស់តារាស្រីរូបនេះ នៅក្នុងប្រទេសវៀតណាមជាលើកទី ២ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងនៅវៀតណាម មានក្តីរំភើបជាពន់ពេក ហើយម្នាក់ៗបានចែកចាយរូបថតសន្លឹករបស់នាងដើរទិញអីវ៉ាន់នៅផ្សារទំនើបបង្ហោះពេញនៅលើបណ្តាញសង្គមហ្វេសប៊ុក និង បណ្តាញសង្គមផ្សេងៗដែលកំពុងពេញនិយម។
ទោះជាយ៉ាងណា អ្នកគាំទ្រភាគច្រើនគ្រាន់តែបានដឹងថា Lisa បាននាំបងប្អូនជីដូនមួយរបស់នាង ដើរលេងកម្សាន្តវិស្សិមកាលជាលក្ខណៈឯកជនផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានដឹងទេថា ការធ្វើដំណើរមកកាន់ប្រទេសវៀតណាមនៅទីនេះ គឺមានគោលបំណងក្រៅពីដើរកម្សាន្ត។
ក៏ដោយសារតែ មិត្តសម្លាញ់របស់នាង គឺ Bam Bam សមាជិក GOT7 បានមកធ្វើការប្រគំតន្រ្តីនៅក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣នេះ នៅឯកីឡដ្ឋាន Nguyen Du ហើយ Lisa ក៏មានគម្រោងរៀបចំមកគាំទ្រលោកនៅក្នុងប្រទេសនេះតែម្ដង៕