ហួសនឹងជឿ! Yura សមាជិក Girl’s Day ទម្លាយរឿងពិបាកទទួលយកប៊ិះនឹងត្រូវមេដេញចេញ
ភាគច្រើនតារាចម្រៀងស្រី Yura សមាជិក Girl’s Day តែងតែត្រូវបានអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនសរសើរពីរាងស្អាតរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេង។ ប៉ុន្តែទោះជាយ៉ាងណា មានមហាជនភាគតិចណាស់ដែលដឹងថា នាងប៊ិះនឹងបាត់បង់ឈរនៅលើឆាកតន្រ្តី ដោយសារតែទម្ងន់មិនត្រូវស្តង់ដាតាមចិត្ត CEO របស់នាង។
មុននឹងបង្ហាញខ្លួនក្នុងកម្មវិធី «Knowing Bros» តារាស្រីវ័យ ៣០ឆ្នាំរូបនេះ បានបង្ហើបថា នាងស្ទើរតែត្រូវមេធំ ដែលជា CEO របស់ក្រុមហ៊ុនកម្សាន្ត បណ្តាញចេញ ដោយសារតែទម្ងន់នាងត្រូវបានគេចាត់ទុកថាមិនត្រូវស្តង់ដា។
បើតាមការឱ្យដឹងចេញពីមាត់របស់ Yura ខណៈពេលដែលក្រុមកំពុងរៀបចំដំណើរការប្រគំតន្រ្តីកាលពីឆ្នាំ ២០១១ ទម្ងន់របស់នាងបានឡើងដល់ ៥៣ គីឡូ ពេលនោះហើយ មេធំជា CEO បានហៅនាងមកនិយាយភ្លាម ហើយសុំឱ្យនាងសម្រកគីឡូឱ្យមកត្រឹម ៥១ គីឡូ។
ទោះជាយ៉ាងណា ការជជែកគ្នាអំពីរឿងនេះហាក់មិនស៊ីចង្វាក់គ្នា ហើយនាងបានប្រកែកថា៖ «តើខ្ញុំសុំអាចស្រកបានតែ ១ គីឡូបានទេ?» ប៉ុន្តែការទទូចសុំរបស់ Yura មិនមានជោគជ័យនោះទេ នាងបែរទទួលបានសម្តីពីមេរបស់នាង និយាយមកកាន់នាងពិបាកនឹងទទួលយកបំផុតថា៖ «ត្រឡប់ទៅស្រុកកំណើតវិញចុះ។ ហើយមិនបាច់គិតចង់នៅសេអ៊ូលទៀតទេ បើស្រកដល់ ៥១ គីឡូមិនបាន»។
ក្រោយពីឮសម្តីទាំងនេះពេញត្រចៀក Yura បានយំសោកហើយរៀបចំអីវ៉ាន់របស់នាងចេញ ហើយត្រឡប់ទៅស្រុកកណើតវិញទាំងឱបផ្លូវចិត្តធ្ងន់ធ្ងរ។
ពេលនោះហើយ ជាពេលដែលធ្វើឱ្យនាងពិបាកចិត្តបំផុត ប៉ុន្តែដោយសារតែនាងមានស្មារតីរឹងមាំ និង ខ្លួនពេញដោយកម្លាំងចិត្ត ទើបនាងបានស្រក ២ គីឡូដោយជោគជ័យតាមការពេញចិត្តរបស់ CEO ទើបនាងអាចវិលចូលមកហ្វឹតហាត់ជាមួយនឹងសមាជិក Girl’s Day វិញ៕