អ្នកគ្រប់គ្រង តារាសម្ដែង Tina បកស្រាយរឿងនាងទៅបួសធ្វើដូនជី មិនមែនដោយសាររអៀសខ្លួនទេ
តារាសម្ដែងស្រីតែងប្រុស Tina បានចូលប្រឡូកក្នុងវិស័យសិល្បៈមកជាយូរឆ្នាំហើយ ក្នុងនោះផងដែរ Tina ជាដៃគូជាមួយតារាស្រី Aom Sushar នៅក្នុងខ្សែភាពយន្តមួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុង និង ក្រៅប្រទេស។
យ៉ាងណាមិញតារារូបនេះទើបតែមានបញ្ហារឿងគ្រោះថ្នាក់ចរាចរណ៍កាលពីខែមេសា ក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ ដោយតារាខាងលើ ទទួលស្គាល់ថាខ្លួនជាអ្នកបើកឡានទៅបុកជនរងគ្រោះនោះពិតមែន តែគ្មានចេតនាឡើយ។ ថ្វីត្បិតតែរឿងគ្រប់យ៉ាងហាក់ដូចជាបញ្ចប់ តែនៅសុខៗគេឃើញតារារូបនេះ បានបង្ហោះរូប និង សារមួយចំនួននៅក្នុងគណនី Instagram ផ្ទាល់ខ្លួនពីការបួសធ្វើដូនជីថា៖ «កម្មណាក៏ដោយ មិនថាផ្លូវកាយ វាចា ឬផ្លូវចិត្ត ដែលខ្ញុំបានប្រមាថ ឬធ្វើខុសដោយបំពានទៅលើអ្នកទាំងអស់គ្នា មិនថានៅនឹងមុខ ឬនៅពីក្រោយខ្នង ដោយចេតនា ឬអចេតនា ក្នុងជាតិនេះ ឬជាតិណានោះទេ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា និង មេត្តាអភ័យទោសដល់រូបខ្ញុំផង»។
បន្ទាប់ពី Tina បង្ហោះសារបែបនេះ មិនយូរប៉ុន្មានអ្នកចាត់ការផ្ទាល់ខ្លួនរបស់តារារូបនេះបានបកស្រាយថា៖ «ការទៅបួសធ្វើដូនជីនេះ គឺមិនមែនដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍នោះទេ ប៉ុន្តែ Tina តាំងចិត្តថាចង់បួសពីរសប្ដាហ៍មកហើយ ចំពោះរឿងគ្រោះចរាចរណ៍វិញ គឺបានដោះស្រាយយ៉ាងល្អហើយ ដោយ Tina ធ្វើគ្រប់យ៉ាង និងជួយដល់គ្រួសារជនរងគ្រោះជារឿយៗ និងឧស្សាហ៍ណាត់ទៅញ៉ាំបាយជាមួយគ្នាណាស់»៕