អ្នកគាំទ្រសំលៀងភ្នែកទុក! Great និង Inn ចាប់ដៃគូសម្ដែងរឿង BL រួមគ្នាលើកដំបូង
ថ្មីៗនេះ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពពីរដួង គឺអ្នកកំលោះ Great Sapol និង ប្រុសសង្ហាសាច់សខ្ចីដូចបណ្ដូលចេក Inn Sarin បានធ្វើការផ្លាស់ប្តូរទ្រនំចាស់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ និង លេខ ៣ មកកាន់ទ្រនំថ្មីគឺស្ថានីយទូរទស្សន៍ប៉ុស្តិ៍ GMMTV ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំងក្នុងវិស័យសិល្បៈភាពយន្ត និង រឿងភាគរបស់ប្រទេសថៃ។
ដោយឡែក ជាមួយនឹងការចូលខ្លួនជ្រកកោនក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍ GMMTV នេះគេឃើញថា អ្នកកំលោះ Great Sapol និង Inn Sarin បានប៉ះគ្នាជាលើកដំបូងក្នុងរឿងថ្មីដែលជាប្រភេទរឿងបុរសស្រឡាញ់បុរសដោយមានចំណងជើងថា «Wandee Good day» ដែលនឹងត្រៀមចាក់បញ្ចាំងនៅឆ្នាំ ២០២៤ ខាងមុខនេះ។
ជាមួយនឹងការសម្ដែងរឿងបុរសស្រឡាញ់បុរសជាលើកដំបូងជាមួយនឹង Inn អ្នកកំលោះ Great ទម្លាយអារម្មណ៍សប្បាយរីករាយ និង រំភើបចិត្តជាខ្លាំងព្រោះថាកន្លងមកក៏មានអ្នកសំណូមពរឱ្យសម្ដែងជាមួយនឹង Inn ដែរតែពុំទាន់មានឱកាសដល់ពេលនេះមានឱកាសលោកនឹងធ្វើឱ្យបានល្អបំផុត ហើយសង្ឃឹមថាមហាជននឹងគាំទ្រដូចគ្នា៕