តួស្រីរឿង «My ID is Gangnam Beauty» ថា មាត់នាងស្ទើរហើម ក្រោយថតឈុតថើបជាមួយ Cha Eunwoo ជាង ៦ ម៉ោង
រឿងភាគកូរ៉េមួយដែលមានចំណងជើងថា «My ID is Gangnam Beauty» បានចាក់បញ្ចាំងចប់កាលពីឆ្នាំ ២០១៨ កន្លងទៅ ពិតជាទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីមហាជនអ្នកគាំទ្រទស្សនាយ៉ាងភ្លូកទឹក ភ្លូកដី ដោយសារតែសាច់រឿង ជាពិសេសគឺសម្រស់របស់តួប្រុសស្រីទាំង ២ រូបតែម្ដង។ តួស្រីក្នុងរឿងនេះមានឈ្មោះពិតថា Im Soohyang ដើរតួជា Kang Mi-rae និង តួប្រុសវិញគឺប្រុសសង្ហា Cha Eunwoo ដើរតួជា Do Kyung-seok។
យ៉ាងណាមិញ ក្រោយបញ្ចាំងចប់ជាង ៥ ឆ្នាំរួចមក ថ្មីៗនេះ តួឯកស្រី Im Soohyang ដែលត្រូវបានអ្នកគាំទ្រជាច្រើនបានដាក់រហ្សសនាមជា «Kiss Master» បានទម្លាយពីក្រោយនៃឈុតថើបគ្នាជាមួយនឹងតារាប្រុស Cha Eunwoo នៅពេលដែលខ្លួនកំពុងថតរឿងភាគ «My ID is Gangnam Beauty» នោះ។
ជាមួយគ្នានោះ Soohyang បានរៀបរាប់ថា ៖ «ឈុតថើបគ្នាដំបូងនៅក្នុងរឿងមួយនោះ គឺពួកយើងព្រមទាំងក្រុមការងារបានថតយកប្លង់ពីរផ្សេងគ្នា ដើម្បីធ្វើឱ្យឈុតមួយនេះមើលទៅវាចេញមកបានល្អ និង គួរឱ្យចង់ទស្សនា។ ក្នុងឈុតថើបគ្នាកន្លែងនេះផងដែរ គឺពួកយើងបានថតចំណាយពេលជិត ២ ថ្ងៃ រហូតដល់ទៅជាង ៦ ម៉ោងឯណោះ»។
តួឯកស្រីរូបនេះ ក៏បានបន្ថែមដែរថា ៖ «បើសិនជាមើលឈុតមួយនេះ នៅក្នុងអេក្រង់វិញ គឺអ្នកទាំងអស់គ្នាអាចនឹងឃើញមាត់របស់ខ្ញុំស្ទើរហើមទៅហើយ»៕ ប្រភព៖ insight.co.kr