ប្រពន្ធ មង្គល ទីណា ខឹងឆេវ កំពុងជួបរឿងគេបោកលុយហើយ បែរមានអ្នកសើចចំអកទៀត
មហាជនអ្នកតាមដានជីវិតឯកជនរបស់លោក មង្គល ទីណា ច្បាស់ជាបានជ្រាបហើយថា កាលពីអំឡុងឆ្នាំ ២០១៧ តារាចម្រៀងរូបនេះ បានបង្ហាញមុខភរិយា និងកូនៗជាសាធារណៈក្រោយពីលោកបានសំងំកសាងគ្រួសារ បង្កើតមុខរបរកសុីលក់គ្រឿងក្រអូបនៅខេត្តកោះកុង រស់នៅយ៉ាងស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ។ ជាក់ស្តែង មានមហាជនជាច្រើនបានចាប់ក្រសែភ្នែកទៅលើភរិយារបស់តារាចម្រៀងប្រុសដ៏សង្ហាលោក មង្គល ទីណា បើទោះជាអ្នកក្រៅសិល្បៈមែន តែភរិយារបស់លោក គឺអ្នកនាង ខឹម ដាលីន ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ទោះបីជាមានកូន ៣ ក៏ដោយតែនៅខ្ញង់មិនចាញ់ក្រមុំនោះឡើយ។
ដោយឡែកថ្មីៗនេះ មង្គល ទីណា និង ភរិយា បានជួបរឿងឆបោកលុយ ដោយភរិយារបស់លោកបានធ្វើការកម្ម៉ង់អីវ៉ាន់ពីផេកមួយ បែរជាមកត្រូវជួបរឿងបោកលុយវិញ។ មិនទុកយូរ មង្គល ទីណា ក៏បានផុសប្រកាស និង បង្ហាញពីផេកដែលបានបោកប្រាស់លុយកម្លាំងញើសឈាមរបស់លោកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីឱ្យមហាជនមានការប្រុងប្រយ័ត្នចំពោះផេកអនឡាញមួយនេះ ក្នុងនោះក៏ឃើញមានចំនួនអ្នកស៊ែរ និង បញ្ចេញមតិផ្សេងៗគ្នាចែករំលែកនៅលើបណ្តាញសង្គមជាច្រើនផងដែរ។
ទន្ទឹមនឹងកំពុងតែជួបបញ្ហាបែបនេះ ស្រាប់តែបានឃើញផេកផ្លូវការបស់ភរិយាលោក មង្គល ទីណា អ្នកនាង ខឹម ដាលីន បានបង្ហោះសារបន្តទៀតថា៖ «អ្នកស៊ែរបើស៊ែរលក្ខណៈចែករំលែកបទពិសោធគ្នា ខ្ញុំសូមអរគុណ តែបើស៊ែររបៀបសើចចំអក ឬទាញផលប្រយោជន៍បែបជាន់ពន្លិច មិនបាច់ស៊ែរក៏បាន យល់»៕