ឃើញស្ងៀមស្ងាត់មិនសូវមាត់-ក! អែនជែលឡា ប្រាប់ពីថ្នាំព្យាបាលផ្លូវចិត្តល្អបំផុត មិនបាច់រកទិញលើទីផ្សារ
ដ្បិតថាមួយរយៈធំកន្លងមកនេះ តារាចម្រៀងរាងតូចច្រឡឹង អែនជែលឡា បានប្រកាសវិលចូលប្រឡូកវិស័យសិល្បៈឡើងវិញ បន្ទាប់ពីបាត់មុខជាច្រើនឆ្នាំ ប៉ុន្ដែនាងហាក់មិនបានចេញបទចម្រៀងថ្មីៗឱ្យបានច្រើនផុសផុល ដើម្បីទាញយកប្រជាប្រិយភាពពីមុនត្រឡប់មកវិញឡើយ។
បើទោះបីជាទីផ្សារសិល្បៈមិនដូចមុន តែចាប់តាំងពីប្រកាសវិលមកប្រឡូកសិល្បៈវិញ អែនជែលឡា តែងបកស្រាយបទចម្រៀង បង្ហោះលើហ្វេសប៊ុក និង Tiktok ហើយក៏ទទួលបានការសរសើរពីមហាជនថា សំឡេងនាងនៅតែពីរោះស្ដាប់មិនជិនណាយដដែល។
ក្រៅពីបង្ហាញសកម្មភាពច្រៀង ថ្មីៗនេះ អែនជែលឡា បានបង្ហោះសារប្លែកមួយ ដែលមានអត្ថន័យថា ៖ «ការដែលចេះព្រមទទួលស្គាល់ការពិត មានភាពស្កប់ស្កល់ក្នុងជីវិត និងមិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ក៏ជាផ្នែកមួយនៃសេចក្តីសុខផ្លូវចិត្ត។ ទោះបីមានរឿងអ្វីក៏ដោយ ហាមបោះបង់ចោលខ្លួនឯងឱ្យសោះ ត្រូវធ្វើឱ្យខ្លួនឯងធំជាងបញ្ហា និងពង្រឹងផ្លូវចិត្តឱ្យរឹងមាំគ្រប់កាលៈទេសៈ ត្រូវចាំថាជីវិតមនុស្សប្រៀបដូចជាព្រះអាទិត្យដែលរះនាពេលព្រឹក ហើយក៏លិចទៅវិញនាពេលល្ងាច និង រះសាជាថ្មីនៅថ្ងៃស្អែក»៕