(វីដេអូ) ម្នាក់ៗខំដែរតែនៅតែដួល! បេក្ខភាព Miss Grand ច្រើននាក់ ភ្លាត់ស្នៀតរអិលដួលបះដៃបះជើង ក្នុងវគ្គប្រកួតឈុតហែលទឹកព្រោះភ្លៀង
ខណៈនេះកម្មវិធី Miss Grand International 2023 កំពុងតែចាប់ផ្តើមក្តៅគគុកបណ្ដើរៗហើយក្នុងការសន្សំពិន្ទុដើម្បីអាចដណ្ដើមមកុដនៅរាត្រីផ្តាច់ព្រ័ត្រ។ ក្នុងនោះ គេឃើញថាបេក្ខភាពប្រកួតមកពីប្រទេសនីមួយៗគឺខិតខំប្រឹងប្រែងខ្លាំងណាស់ស្ទើរតែមិនឱ្យប្រហែសមួយជំហានឡើយ។
តួយ៉ាង នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss Grand International បានឈានដល់វគ្គ ប្រកួតឈុតហែលទឹក ឬ Swimming Suit ដែលជាវគ្គប្រកួតមួយមើលលើការដើរបង្ហាញម៉ូដជាមួយរូបរាងដ៏ស្រស់ស្អាត និង សិចស៊ីរបស់បេក្ខភាពនីមួយៗ។ ជាមួយនឹងវគ្គនេះដែរ គេឃើញថាបេក្ខភាពប្រទេសនីមួយៗពិតជាស្វិតស្វាញណាស់ ជាពិសេសបង្ហាញនូវការដើរយ៉ាងស្រស់ស្អាតប្រកបដោយភាពជឿជាក់ និង ការប្រុងប្រយ័ត្ន ព្រោះថាអ្នកដែលធ្វើបានល្អដាច់គេនឹងទទួលពាន Best Swimming Suit។
យ៉ាងណាមិញ ក្នុងវគ្គនេះដែរ ទោះបីមានការខំប្រឹងក្តី ប៉ុន្តែគេសង្កេតឃើញថាមានបេក្ខភាពប្រកួតជាច្រើនបានភ្លាត់ស្នៀតដើររអិលដួលកំពុងប្រកួត ព្រោះថាមុនចាប់ផ្ដើមការប្រកួត និង កំពុងប្រកួតមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលហេតុនាំឱ្យទីតាំងសើមបង្កឱ្យពិបាកដើរ និង បោះខ្លួនបង្វិលកាច់ស្ទីល។ យ៉ាងណាក្តី ព្រោះតែមើលឃើញពីការលំបាកនៅថ្ងៃនេះ លោក Nawat ដែលជាគណៈគ្រប់គ្រងកម្មវិធីបានប្រកាសថ្ងៃប្រកួតវគ្គ Swimming Suit នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៣ ម្តងទៀត៕