ទើបរៀបការហើយថ្មីថ្មោង Mark និង Kimberly ស្រាប់តែទម្លាយខ្ទេចពីជីវិតគូដំបូងៗ ផ្អើលអ្នកគាំទ្រ
ប្រិយមិត្តបានដឹងហើយថាតារាសម្ដែងល្បីឈ្មោះ Mark និង Kim បានរៀបអាពាហ៍ពាហ៍រួចហើយកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ នៅប្រទេសអ៊ីតាលី ដោយបន្ទាប់ពីរៀបការរួចអ្នកទាំងពីរក៏បានចំណាយពេលដើរលេងកម្សាន្ត ដើម្បីបង្កើតអនុស្សាវរីយ៍ឱ្យកាន់តែផ្អែមល្ហែមក្នុងនាមជាប្តីប្រពន្ធថ្មីថ្មោង។
ក្រោយពីត្រឡប់ពីដំណើរកម្សាន្តនៅឯក្រៅប្រទេសវិញ ថ្មីៗនេះអ្នកទាំងពីរបានចូលរួមកម្មវិធីមួយក្នុងប្រទេសថៃ ដែលនេះជាការបង្ហាញវត្តមានលើកដំបូងបន្ទាប់ពីរៀបការ ហើយនៅក្នុងកម្មវិធីនោះទៀតសោត តារាប្រុសស្រីជាប្តីប្រពន្ធថ្មោងថ្មីគូនេះ ក៏ត្រូវបានអ្នកសារព័ត៌មានបានសួរនាំពីអារម្មណ៍បន្ទាប់ពីរៀបការរួចផងដែរ។
ស្របគ្នានឹងការចោទសួរនោះ Mark និង Kim បាននិយាយរៀបរាប់ទាំងមិនលាក់បាំងថា ៖ «ខ្ញុំមិនសូវទម្លាប់ហៅគ្នាថាស្វាមីភរិយាឡើយ»។ ចំណែករឿងផ្លាស់ប្តូរត្រកូលវិញ Kim បានបន្តទៀតថា ៖ «ការប្តូមកប្រើត្រកូលរបស់ Mark នោះ នៅមិនទាន់សម្រេចចិត្តនៅឡើយទេ ព្រោះឈ្មោះរបស់នាងបែបបរទេសខ្លាំងពេក ដូច្នេះត្រូវរកឱ្យគេមើលសិនថាតើគួរប្រើឈ្មោះបែបណាទើបសម»។
ជាមួយគ្នានោះទៀត អ្នកសារព័ត៌មានក៏បានបន្តសួរពីរឿងកូនចៅដែរ ថាតើ Kim និង Mark នឹងមានគម្រោងយកពេលណា។ ភ្លាមនោះតារាប្រុសស្រីគូនេះក៏បានបញ្ជាក់ភ្លែតថា ៖ «ចំពោះរឿងមានកូន ពួកយើងនៅមិនទាន់បានគិតទេ ចង់សុំពេលធ្វើការបន្តិចទៀតសិន»៕