ប៉ិនច្នៃណាស់! តាមពិតស្គរទឹករបស់ វណ្ណថាន បង្កើតឡើងតាមរបស់មួយលេងក្នុងពាងកាលពីវ័យក្មេង
លី វណ្ណថាន ឬ វណ្ណថាន ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ដែលលោកគឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបប្រចាំផលិតកម្ម «បារមី»។ អ្នកគ្រាប់គ្នាអាចស្គាល់លោកត្រឹមតែជាតារាចម្រៀង តែលើសពីនេះលោកគឺជាតារាដ៏មានទេពកោសល្យមួយរូប ដែលអាចលេងឧបករណ៍តន្ត្រីទាំងបុរាណ សម័យ និងឧបករណ៍ភ្លេងបរទេសរហូតដល់ទៅ ២៨ មុខឯណោះ។
នៅក្នុងផលិតកម្ម «បារមី» វណ្ណថាន ត្រូវបានផ្តល់តួនាទីផ្តាច់មុខទៅលើឧបករណ៍ភ្លេងខ្មែរ ខណៈដែលលោកក៏ជាអ្នកសរសេរបទចម្រៀង និងជាអ្នកនិពន្ធបទភ្លេងផងដែរ។ ជាក់ស្តែង កន្លងមកលោកបានបង្កើតបទភ្លេងសម្រាប់បទផ្ទុះល្បីៗដូចជាបទ «Time to Rise» ច្រៀងដោយ វណ្ណដា និងព្រឹទ្ធាចារ្យ គង់ ណៃ និងបទ «Queen Bee» របស់ វណ្ណដា ជាដើម។
ក្រៅពីប្រសប់ទៅលើឧបករណ៍ភ្លេងចម្រុះ ជារឿយៗ វណ្ណថាន រមែងស្វែងរកអ្វីដែលថ្មីៗដើម្បីបង្កើតសំឡេងភ្លេងបន្ថែមទៀត។ តួយ៉ាង កន្លងមកលោកបានបង្កើតស្គរទឹកមួយប្រភេទដែលប្រើចានដែកដាក់ផ្កាប់នឹងទឹកទះរណ្តំបង្កើតជាសំឡេងមួយបែបហាក់ប្លែកមិនធ្លាប់មាន ពេលដាក់លេងអមគ្នាជាមួយឧបករណ៍ដទៃស្តាប់ទៅស៊ីចង្វាក់ទាក់ទាញចិត្តបំផុត។ កាលពីឆ្នាំ ២០២១ លោកបានយកស្គរនេះទៅប្រគំរួមគ្នាជាមួយឧបករណ៍ភ្លេងបុរាណសម័យក្នុងកម្មវិធី Asian Music Showcase 2021 ដែលសម្តែងជាមួយកញ្ញា ឡូរ៉ា ម៉ម។
យ៉ាងណាមិញ តាមរយៈការបង្កើតស្គរទឹកដ៏គួរឱ្យចាប់អារម្មណ៍នេះ វណ្ណថាន បានបង្ហើបថា លោកទទួលបានសំឡេងវាកាលពីក្មេងនៅពេលដែលលោកទៅងូតទឹក លោកចូលចិត្តយកផ្តិលដាក់ក្នុងពាងគោះរណ្តំធ្វើជាស្គរ ហើយរាល់ពេលឮសំឡេងនេះវាតែងធ្វើឱ្យលោកនឹកឃើញអនុស្សាវរីយ៍ជាច្រើនកាលពីវ័យកុមារ៕