មិនធ្លាប់ទម្លាយថាមានស្នេហានឹងគ្នា! Sojin និង Lee Dong Ha ស្រាប់តែ ប្រកាសរៀបការផ្អើលអ្នកគាំទ្រ
ក្រោយពីគូស្នេហ៍តារាកូរ៉េថ្មីមួយគូ Sojin និង Lee Dong Ha បានប្រកាសរៀបការជាមួយគ្នាជាសាធារណៈ ដោយបានកំណត់ពេលារៀបចំពិធីមង្គលការរបស់ពួកគេនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកតារាទាំងពីរមិនដែលបង្ហាញទំនាក់ទំនងបើកចំហថាមានស្នេហានឹងគ្នានោះទេ។
ដំណឹងដ៏ភ្ញាក់ផ្អើលបានសាយភាយដល់ក្រុមអ្នកគាំទ្រ បន្ទាប់ពីតារាចម្រៀងស្រី Sojin សមាជិកក្រុម Girl’s Day បានទម្លាយរូបថត Pre-wedding របស់នាង និង អនាគតស្វាមីនាង គឺតារាសម្ដែងប្រុស Lee Dong Ha នៅលើបណ្តាញសង្គម Instagram បានប្រកាសជាផ្លូវការថា ពួកគេនឹងកាន់ដៃគ្នាចូលរោងការនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។
បើតាមការឱ្យដឹងបន្ថែម ពិធីមង្គលការរបស់អ្នកទាំងពីរ នឹងរៀបចំឡើងជាលក្ខណៈឯកជន នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានភ្ញៀវកិត្តិយសចូលរួមមានក្រុមគ្រួសារទាំងសងខាង និង មិត្តជិតស្និទ្ធរបស់អ្នកទាំងពីរ ក៏ដូចជាសមាជិក Girl’s Day ផងដែរ៕