ពេជ្រ វត្តីសារ៉ាវឌ្ឍី ទម្លាយពាក្យក្នុងចិត្តប្រាប់ អ្នកនាង អម្ពរ ទេវី ក្រោយមានឱកាសបានរួមការងារជាមួយគ្នា
មហាជនអ្នកគាំទ្ររបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជ្រាបហើយថាបរវកញ្ញារូបនេះ ក៏ក្ដោបបានតំណែងជាតួអង្គមួយក្នុងខ្សែភាពយន្តបុរាណខ្មែរខ្នាតធំបែបប្រវត្តិសាស្ត្ររឿង «អប្សរាមហាអង្គរ» ដឹកនាំដោយឧត្តម ហ្វៃ សំអាង ផងដែរ។
យ៉ាងណាមិញ ក្នុងខ្សែភាពយន្តបុរាណខ្នាតធំបែបប្រវត្តិសាស្ត្រនេះ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានឱកាសរួមការងារជាមួយតារាសម្ដែងអាជីពរៀមច្បងល្បីៗជាច្រើន ជាពិសេសតារាសម្ដែងជើងចាស់ដែលមានឈ្មោះល្បីល្បាញប៉ុន្មានជំនាន់ហើយនោះ។
ជាក់ស្ដែង ថ្មីៗនេះ ស្របពេលកំពុងថតភាពយន្តនេះដែរ ក៏បានឃើញបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបភាពជាមួយនឹងតារាសម្ដែងជើងចាស់អ្នកនាង អម្ពរ ទេវី ភ្ជាប់ជាមួយសារបង្ហាញអារម្មណ៍រំភើប និង ការគោរពស្រឡាញ់ចំពោះរៀមច្បង ដែលជាអាយដលក្នុងដួងចិត្តរបស់នាងតាំងពីតូច។ លើសពីនេះ ខណៈបានរួមការងារជាមួយតារាសម្ដែងជើងចាស់រូបនេះដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានចាត់ទុកប្រៀបដូចជាអ្នកម្ដាយ និង ជាអ្នកគ្រូដែលតែងជួយចែករំលែកបទពិសោធន៍ និង ដំបូន្មានល្អៗចំពោះរូបនាងផងដែរ។
ក្នុងនោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ថា ៖ «អរគុណខ្សែភាពយន្ត #អប្សរាមហាអង្គរ ដែលបណ្តាលឱ្យតីតី ជួបអាយដលសំណព្វចិត្ត ជួបដំបូងៗហៅមីងក្មួយ ឥឡូវហៅថាកូន តីតីមានម៉ាក់មួយទៀតហើយ។ ក្នុងឱកាសមួយនេះ ពិតជាសូមអរគុណសម្រាប់ការស្រឡាញ់ ការបង្ហាត់បង្ហាញ ការចែករំលែកបទពិសោធ ដែលជាដំបូន្មានដ៏ល្អ ក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀតពីសំណាក់អ្នកគ្រូដែលជារៀមច្បង និង អាយដលតាំងពីតូច It is such a great opportunity to meet our female famous star in 80-90s, She is my inspiration, my childhood idol and till for now, I am so blessed with love and respect»៕