Baifern ទម្លាយរឿងដែលនាង និង Mai ឱបគ្នានៅព្រលាន ឮហើយរំភើបចិត្តជំនួស
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីទំនាក់ទំនងរវាងតារាស្រីរូបស្រស់ Baifern និង តារាស្រី Mai Davika ថា អ្នកទាំងពីរធ្លាប់ជាមិត្តសម្លាញ់នឹងគ្នា តែក្រោយមកទំនាក់ទំនងដែលតែងតែស្និទ្ធស្នាលខ្លាំង ប្រែសោះកក្រោះ លែងស្និទ្ធស្នាលគ្នាដូចមុន រហូតមហាជនសង្ស័យថា មិត្តសម្លាញ់មួយគូនេះមានទំនាស់គ្នាធ្វើឱ្យទំនាក់ទំនងត្រូវបែកបាក់។
អ្វីដែលនឹកស្មានមិនដល់នោះ ចាប់តាំងពីថ្ងៃដែលតារាស្រីពីរដួងនេះ សោះកក្រោះនឹងគ្នា គិតមកទល់ពេលនេះ ៦ ឆ្នាំមក ឃើញថា ដែលអ្នកទាំងពីរមិនដែលបង្ហាញភាពស្និទ្ធស្នាល និយាយគ្នាដូចកាលពីដំបូងឡើយ រហូតអ្នកគាំទ្រំចង់ឱ្យអ្នកទាំងពីរត្រូវគ្នាវិញ។
ដោយឡែក រូបភាពដែលមហាជនចង់ឃើញអស់រយៈពេល ៦ ឆ្នាំ ទីបំផុតបានឃើញដូចបំណងហើយ ពោលគឺ ថ្មីៗនេះ បែកធ្លាយរូបភាពតារាស្រី Mai និង Baifern ឱបគ្នានៅព្រលានយន្តហោះយ៉ាងស្និទ្ធស្នាលស្ទើរមិនគួរឱ្យជឿ ដែលរូបភាពមួយនេះពិតជាធ្វើឱ្យមហាជនឃើញហើយរំភើបញ័របេះដូងជាខ្លាំង ព្រោះមិននឹកស្មានថា ទំនាក់ទំនងអ្នកទាំងពីរត្រូវបានតភ្ជាប់គ្នាវិញ។
តួយ៉ាង បើងាកមកមើលតារាស្រីរាងតូចច្រឡឹង Baifern វិញ ក្រោយរូបភាពរបស់នាង និង Mai ផ្ទុះការចែករំលែកខ្លាំងនៅលើបណ្តាញសង្គម ពេលនេះនាងបានចេញមុខទម្លាយសកម្មភាពគ្រប់យ៉ាងនាពេលនោះហើយ ដោយនាងបានទម្លាយថា វាជារឿងចៃដន្យណាស់ ដំបូងឡើងអ្នកគ្រប់គ្រងរបស់នាងឃើញមុន ទើបស្រែកហៅគ្នា។ មួយវិញទៀត នាង និង Mai មិនបានជួបគ្នាយូរណាស់មកហើយ នឹក ហើយក៏តែងតែសាទររាល់ភាពជោគជ័យចំពោះគ្នាទៅវិញទៅមកដែរ ពិសេស នាងក៏អរគុណទៅដល់អ្នកគាំទ្រទាំងអស់ដែលនៅតែនឹករឭករាល់សកម្មភាពរបស់ពួកគេទាំងពីររហូតមកមិនដែលភ្លេច៕