រាជិនីសំឡេង ម៉េង កែវពេជ្ជតា កាយនៅស្រុកគេ តែបេះដូងនៅមិនឆ្ងាយពីប្រទេសកំណើត
តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានប្រឡូកក្នុងពិភពសិល្បៈអស់រយៈពេលជាង ២០ ឆ្នាំប្លាយមកហើយ អ្នកនាងតែងតែបំពេរអារម្មណ៍មហាជនគ្រប់ស្រទាប់ឱ្យលង់ស្តាប់នូវសំនៀងផ្អែមមុតរបស់អ្នកនាងគ្រប់បទ គ្រប់ស្ទីល និង មកដល់ពេលនេះអ្នកនាងនៅតែទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីបណ្តាមហាជនទាំងក្នុងប្រទេស និងក្រៅប្រទេស។
បើនិយាយពីរឿងរ៉ាវជីវិតឯកជនរបស់ តារាចម្រៀងស្រីជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា មហាជនសុទ្ធតែដឹងហើយថា ក្រោយពីជួបបញ្ហាបែកបាក់ជីវិតអាពាហ៍ពិពាហ៍រួចមក អ្នកនាងក៏ទទួលបាននូវចំណងដៃកូនប្រុសម្នាក់ និង កូនស្រីម្នាក់ផងដែរ។
កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ អ្នកនាងបានធ្វើការហោះហើរទៅប្រទេស បារាំង ដើម្បីទៅចូលរួមក្នុងកម្មវិធីនានានៅទីនោះ ក៏ដូចជាទៅកម្សាន្តផងឆ្លៀតចំពេលកូនទាំង ២ របស់អ្នកនាងវិស្សមកាល។ ទន្ទឹមនឹងនេះ ក្រោយពីបានឃើញបងប្អូនប្រជាជនខ្មែរតាមតំបន់ និង ទីរួមខេត្តមួយចំនួនតូច កំពុងតែជួបនូវគ្រោះទឹកជំនន់ ដោយការខ្វាយខ្វល់ និងមានក្តីព្រួយបារម្ភដល់ប្រជាពលរដ្ធខ្មែរ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហោះសារមួយថា៖ «មកស្រុកបារាំងតែជិត ២ ខែ នឹកដល់ស្រុកខ្មែរ នឹកពុកនឹកម៉ែ នឹកបងនឹកប្អូន សំខាន់ស្រុកយេីងភ្លៀងចង់រាល់ថ្ងៃ ហាលអីក៏មិនស្ងួតដែរ។ សូមថែរក្សាសុខភាព និងប្រយ័ត្នប្រយែងទាំងអស់គ្នាណាបងប្អូន ពិសេសកូនក្មេងតូចៗ ព្រោះគ្រានេះទឹកភ្លៀងបង្កឱ្យមានការជនលិចច្រេីនកន្លែងណាស់ សូមជូន ពូមីងបងប្អូនពុកម៉ែនៅស្រុកខ្មែរជៀសផុតពីគ្រោះទឹកជំនន់ ដោយក្តីស្រឡាញ់ និងបារម្ភពីនាងខ្ញុំ»។ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហាញពីអារម្មណ៍រំភើបដែលតារាស្រីដែលមានឈាមជ័រជាកូនខ្មែររូបនេះ ទោះបីជាទៅដល់ទីណាក៏នៅតែមានទឹកចិត្តគិតដល់ប្រជារាស្រ្តនៅក្នុងស្រុកខ្មែរដែរ៕